National

• 1 hour ago• Lim_Rothanaksambath

កម្ពុជា និង ក្រូអាស៊ី លើកលែងទិដ្ឋាការលិខិតឆ្លងដែនការទូត និងរឹតចំណងមិត្តភាពទ្វេភាគី ស្របពេលខួបលើកទី៣០ នៃទំនាក់ទំនងការទូត

កម្ពុជា និង ក្រូអាស៊ី លើកលែងទិដ្ឋាការលិខិតឆ្លងដែនការទូត និងរឹតចំណងមិត្តភាពទ្វេភាគី ស្របពេលខួបលើកទី៣០ នៃទំនាក់ទំនងការទូត


ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ គឺទី១៩-២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ គឺជាជំហានថ្មីមួយទៀតក្នុងការបើកទំព័រថ្វីត្បិតទំនាក់ទំនង និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ និងការពេញចិត្តជាខ្លាំងចំពោះចំណងមិត្តភាពដ៏យូរអង្វែង ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលបានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ខណៈដែលកម្ពុជា និងក្រូអាស៊ី កំពុងរួមគ្នារៀបចំអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៦-២០២៦)។

ថ្នាក់ដឹកនាំទាំង២ បានចំណាយពេលពិភាក្សាយ៉ាងលម្អិតអំពីមធ្យោបាយ និងយន្តការនានាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យអទិភាពគន្លឹះរួមមាន៖ វិស័យពាណិជ្ជកម្ម និងការវិនិយោគ, កសិ-ឧស្សាហកម្ម, ការដឹកជញ្ជូន និងភស្តុភារកម្ម, វិស័យអប់រំ និងទេសចរណ៍, ការងារបោសសម្អាតមីន និងនវានុវត្តន៍ក្នុងវិស័យមីន និងការជំរុញ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

Inline image
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលលើបញ្ហាតំបន់ និងអន្តរជាតិ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីនានា ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ផ្អែកលើគោលការណ៍ពហុភាគីនិយម និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនភាគីក្រូអាស៊ីអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។

ដើម្បីជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការរឹតចំណងសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ នៅបន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈសំខាន់ៗចំនួនពីរ រួមមាន៖ ១. កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលក្រូអាស៊ី ស្តីពីការលើកលែងតម្រូវការទិដ្ឋាការ (Visa) សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និង ២. អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេសកម្ពុជា និងបណ្ឌិត្យសភាការទូត នៃក្រសួងការបរទេស និងកិច្ចការអឺរ៉ុបក្រូអាស៊ី។

ការចុះហត្ថលេខាលើឯកសារទាំង២ នេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញកិច្ចសហការផ្នែកធនធានមនុស្ស ការបណ្តុះបណ្តាលការទូត និងការសម្របសម្រួលកិច្ចអន្តរាគមន៍ការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរលូន និងស៊ីជម្រៅថែមទៀតក្នុងដំណាក់កាលថ្មីនេះ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ប្រាក់ សុខុន - Prak Sokhonn
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ប្រាក់ សុខុន - Prak Sokhonn