National

• 1 hour ago• Lim_Rothanaksambath

ជនជាតិថៃ ២៤នាក់ ត្រូវបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា

ជនជាតិថៃ ២៤នាក់ ត្រូវបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា
ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ អាជ្ញាធរអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ បានសម្រេចបណ្តេញជនជាតិថៃចំនួន ២៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងបទល្មើសចូលទីលានយោធា ខណៈដែលភាគីថៃក៏បានប្រគល់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចំនួន ៨២នាក់ ត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១។

លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធធ្វើការបញ្ជូនពលរដ្ឋថៃចេញពីប្រទេសចំនួន ២៤នាក់ (ស្រី ០៩នាក់) ត្រឡប់ទៅប្រទេសដើមវិញ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
យោងតាមការបញ្ជាក់ពីអាជ្ញាធរ មានសមត្ថកិច្ច ជនជាតិថៃទាំង ២៤នាក់នោះ ត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសលួចស្នាក់នៅ និងធ្វើការងារដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងមានការចូលដោយទុច្ចរិតក្នុងទីលានយោធានៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។

ក្នុងពេលជាមួយគ្នានោះដែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានទទួលពលរដ្ឋខ្មែរចំនួន ៨២នាក់ (ក្នុងនោះមានស្ត្រី ២៤នាក់ និងកុមារ ១០នាក់) ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញ ដោយសារការឆ្លងដែនខុសច្បាប់។

ក្នុងស្មារតីយកចិត្តទុកដាក់ និងមនុស្សធម៌ មន្ត្រីនគរបាលច្រកទ្វារបានរៀបចំចែកអាហារសម្រន់ រួមមាន បាយ និងទឹកបរិភោគជូនដល់ពលរដ្ឋខ្មែរទាំងអស់បានពិសារគ្រប់ៗគ្នា។ បន្ទាប់ពីបានធ្វើការអប់រំ និងធ្វើសម្រង់សាវតាតម្កល់ទុកជាឯកសារនៅអង្គភាពរួចរាល់ កម្លាំងនគរបាលបានសម្រួលការដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះ យកទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តនីតិវិធី និងសម្រួលការវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3