National
• 1 hour ago• Lim_Rothanaksambath
រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ពីការបង្កើតខ្សែទំនាក់ទំនងផ្ទាល់រវាងមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងថៃ ក្នុងអំឡុងពេលកិច្ចចរចារ

ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ (UNCLOS) រវាងកម្ពុជា និងថៃ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងពីចំនុចសំខាន់ៗជាច្រើនពាក់ព័ន្ធកិច្ចប្រជុំលើកទី២ ដែលបានធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់។
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានដាក់ចេញសំណើសំខាន់ចំនួន ៤ ចំណុចទៅកាន់គណៈកម្មការផ្សះផ្សា UNCLOS ក្នុងបំណងបន្ធូរភាពតានតឹង ស្ដារទំនុកចិត្តរវាងកម្ពុជា និងថៃ ព្រមទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងការដោះស្រាយវិវាទដោយសន្តិវិធី។
បន្ថែមពីលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ឱ្យដឹងថា កម្ពុជា និងថៃ បានសម្រេចបង្កើតខ្សែទំនាក់ទំនងផ្ទាល់ (Hotline) មួយរវាងមេបញ្ជាការកងទ័ពជើងទឹកទាំងពីរ កម្ពុជា និងថៃ ដើម្បីដោះស្រាយរាល់បញ្ហាដែលអាចកើតឡើងនៅដែនសមុទ្រ ជាពិសេសអំឡុងពេលដែលយើងកំពុងធ្វើការចរចាជាមួយគ្នា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationថ្លែងក្នុងសន្និសីទសារព័ត៌មានដដែរ រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា «កម្ពុជាមិនមានភាពចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ» ដែលនេះគឺជាប្រសាសន៍ឆ្លើយតបរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះការចោទប្រកាន់របស់ភាគីថៃនាពេលកន្លងមក ដែលថា កម្ពុជាដើរតួជាជនរងគ្រោះ។
កម្ពុជា រំពឹងថា ប្រសិនបើភាគីទាំងពីរអនុវត្តវិធានការកសាងទំនុកចិត្តទាំងនេះប្រកបដោយសុឆន្ទៈ នោះវានឹងរួមចំណែកបន្ធូរភាពតានតឹង ទប់ស្កាត់ការប្រឈមមុខគ្នា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិភាព និងចីរភាព។ បន្ទាប់ពីចប់កិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ភាគីកម្ពុជា និងថៃ នឹងបន្តកិច្ចប្រជុំលើកទី៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network


