National
• 1 hour ago• Lim_Rothanaksambath
កម្ពុជាបណ្ដេញជនបរទេស ៧២១នាក់ ២០សញ្ជាតិ ចេញពីប្រទេសក្នុងប្រតិបត្តិបោសសម្អាត និងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍រយៈពេល ១០ថ្ងៃ

ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៧២១នាក់ (ស្រី ៩៥នាក់) ដែលមាន ២០ សញ្ជាតិផ្សេងៗគ្នា ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងប្រតិបត្តិការបោសសម្អាត និងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ប្រតិបត្តិការដ៏ក្តៅគគុកនេះ ត្រូវបានអនុវត្តឡើងយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងបញ្ជាដកឃ្លាតដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយប្រគល់ភារកិច្ចជូននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញជាបន្តបន្ទាប់។
យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសទាំង ២០សញ្ជាតិដែលត្រូវបានបណ្ដេញចេញ រួមមាន៖ ឥណ្ឌូនេស៊ី, ចិន, បង់ក្លាដេស, ហ្វីលីពីន, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, កាមេរូន, ជប៉ុន, ហ្គាណា, ចិនតៃវ៉ាន់, ម៉ាឡេស៊ី, កូរ៉េ, យូហ្គង់ដា, ឥណ្ឌា, មីយ៉ាន់ម៉ា, បារាំង, លីបេរីយ៉ា, ស្វីស, អ៊ូបេគីស្ថាន និងអាមេរិក។
ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញទាំងអស់នោះ ភាគច្រើនជាករណីពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន៖ ជនជាតិឥណ្ឌូនេស៊ី ចំនួន ៣៥៥នាក់ (ស្រី ៥៤នាក់) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ និង ជនជាតិចិន ចំនួន ៩០នាក់ (ស្រី ០៣នាក់) ត្រូវបានបណ្ដេញចេញតាមជើងហោះហើរពិសេស (Special Charter Flight)។
Photo: General Department of Immigration - GDIដោយឡែក ជនបរទេសសញ្ជាតិផ្សេងទៀត ត្រូវបានសមត្ថកិច្ចរកឃើញ និងបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិនានា បន្ទាប់ពីបានប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា៖ ការលួចឆ្លងដែនខុសច្បាប់, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការ/QR Code ក្លែងក្លាយ, ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារគ្មានច្បាប់អនុញ្ញាត ព្រមទាំងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
ប្រតិបត្តិការបណ្ដេញចេញជនបរទេសខុសច្បាប់ទ្រង់ទ្រាយធំនេះ គឺជាការឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ជំហរឥតងាករេថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ហើយអាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។
ផ្អែកលើស្មារតីនេះ កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងបន្តខិតខំប្រឹងប្រែងស្រាវជ្រាវ បង្ក្រាបដល់មេខ្លោង ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងសម្រួលការវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



