International

• 1 hour ago• Lim_Rothanaksambath

សារព័ត៌មានម៉ាឡេស៊ី បង្ហាញពីព្រមានរបស់ស្ថានទូតចិន ដែលបានទម្លាយថា ថៃជាផ្លូវឆ្លងកាត់នៃបទល្មើសឆបោក

សារព័ត៌មានម៉ាឡេស៊ី បង្ហាញពីព្រមានរបស់ស្ថានទូតចិន ដែលបានទម្លាយថា ថៃជាផ្លូវឆ្លងកាត់នៃបទល្មើសឆបោក



ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ ព័ត៌មានព្រមានអំពីការធ្វើដំណើរ ដែលបានចេញផ្សាយដោយស្ថានទូតចិនប្រចាំប្រទេសថៃ កំពុងទាក់ទាញការចាប់អារម្មណ៍ចំពោះ ប្រទេសថៃ ដែលស្ថិតនៅចំកណ្តាលនៃបណ្តាញជួញដូរ និងចាប់ជម្រិតមនុស្សក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានម៉ាឡេស៊ី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ។

យោងតាមផ្សាយរបស់កាសែត The Vibes ម៉ាឡេស៊ី អត្ថបទស្សនៈវិភាគមួយសរសេរដោយលោក Murray Hunter បានលើកឡើងថា សេចក្តីណែនាំកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៦ នេះ បានព្រមានពលរដ្ឋចិនអំពីករណីចាប់ជម្រិតជារឿយៗ និងល្បិចបោកប្រាស់ការងារល្បីៗជាច្រើន។

ក្នុងសេចក្តីណែនាំបានតម្រូវឱ្យអ្នកធ្វើដំណើេររៀបចំផែនការធ្វើដំណើរឱ្យបានហ្មត់ចត់ ដោយប្រើប្រាស់តែសេវាដឹកជញ្ជូនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ បដិសេធការជិះដោយឥតគិតថ្លៃពីជនប្លែកមុខ ឬអ្នកស្គាល់គ្នា និងចៀសវាងការផ្លាស់ប្តូរផ្លូវធ្វើដំណើរភ្លាមៗ ជាពិសេសឆ្ពោះទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។

បន្ថែមពីនេះ ក្រុមអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencers) សិល្បករ និងអ្នកសម្តែង ត្រូវបានព្រមាន ជាពិសេសប្រឆាំងនឹងការផ្តល់ជូនការងារ ឬការសម្តែងដែលមានប្រាក់ខែខ្ពស់។

លោក Hunter បានសរសេរថា បណ្តាញឧក្រិដ្ឋជនបានប្រើប្រាស់ល្បិចបោកបញ្ឆោតជនរងគ្រោះ ដែលភាគច្រើនជាជនជាតិចិន និងកាន់តែច្រើនឡើងលើជនជាតិនានាផ្សេងទៀត រួចឃុំឃាំងពួកគេនៅក្នុងទីក្រុងនានារបស់ថៃ ហើយជួញដូរពួកគេឆ្លងដែនទៅកាន់ជម្រុំឆបោកក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកបានបន្តថា ជនរងគ្រោះត្រូវបានបង្ខំឱ្យប្រតិបត្តិការល្បិចឆបោកស្នេហា (Romance scams) គម្រោងអាជីវកម្មក្លែងក្លាយ ការឆបោកការវិនិយោគ និងល្បិចបោកប្រាស់កម្រិតខ្ពស់ផ្សេងៗទៀត។

លោកបានកត់សម្គាល់ថា ទម្រង់បែបបទនេះបានកើនឡើង បន្ទាប់ពីប្រតិបត្តិការត្រូវបានផ្លាស់ប្តូរទីតាំង ក្រោយពីមានការបង្ក្រាបយ៉ាងក្តៅគគុកនៅក្នុងប្រទេសកម្ពុជា ដែលលោកបានលើកឡើងថា បានធ្វើឱ្យពលករ និងអ្នកប្រតិបត្តិការរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ ហើយបានរុញច្រានបណ្តាញទាំងនោះឱ្យចូលទៅក្នុងតំបន់ព្រំដែនគ្រប់គ្រងដោយក្រុមប្រដាប់អាវុធក្នុងប្រទេសមីយ៉ាន់ម៉ា, តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសឡាវ, ប្រទេសម៉ាឡេស៊ី, ប្រទេសឥណ្ឌូនេស៊ី និងទីតាំងផ្សេងទៀតក្នុងតំបន់។

ក្នុងអត្ថបទស្សនៈវិភាគខាងលើ ក៏បានគូសបញ្ជាក់ផងដែរថា ការគំរាមកំហែងនេះបានផ្លាស់ប្តូរទម្រង់នៃការព្រួយបារម្ភលើសុវត្ថិភាពធ្វើដំណើរនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយបច្ចុប្បន្ន អ្នកទេសចរត្រូវប្រឈមមុខនឹងការចាប់ពង្រត់ដោយចំគោលដៅ ដើម្បីបង្ខំឱ្យចូលរួមក្នុងសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Cyber fraud) ជំនួសឱ្យបទល្មើសលើដងផ្លូវតាមទម្លាប់ធម្មតា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
A young Chinese university student who was allegedly trafficked into a scam syndicate after travelling to Thailand.
A young Chinese university student who was allegedly trafficked into a scam syndicate after travelling to Thailand.
End image 2