National

• 2 hours ago• Lim_Rothanaksambath

ឯកអគ្គរាជទូតកម្ពុជាប្រចាំ អ.ស.ប. បញ្ជាក់ជំហរអាស៊ានលើការប្រយុទ្ធប្រឆាំងការជួញដូរអាវុធខុសច្បាប់ និងគាំទ្រសកម្មភាពមីន

ឯកអគ្គរាជទូតកម្ពុជាប្រចាំ អ.ស.ប. បញ្ជាក់ជំហរអាស៊ានលើការប្រយុទ្ធប្រឆាំងការជួញដូរអាវុធខុសច្បាប់ និងគាំទ្រសកម្មភាពមីន
ភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ អាស៊ាន បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធខុសច្បាប់ ព្រមទាំងបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពមនុស្សធម៌របស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC)។

ការបញ្ជាក់ជំហររួមរបស់អាស៊ាននេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ដែលថ្លែងដោយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងនាមជាតំណាងឱ្យបណ្តាប្រទេសសមាជិកអាស៊ានទាំងមូល នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធទូទៅ» របស់គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) នៅឯទីស្នាក់ការកណ្តាល អ.ស.ប. នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ឯកឧត្តម កែវ ឈា បានគូសបញ្ជាក់ថា អាស៊ានបន្តផ្តល់អាទិភាពខ្ពស់លើការទប់ស្កាត់ និងលុបបំបាត់ការជួញដូរអាវុធធុនតូច និងអាវុធធុនស្រាលដោយខុសច្បាប់ (Small Arms and Light Weapons - SALW) ដោយផ្តោតសំខាន់លើការរឹតចំណងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មានសម្ងាត់រវាងបណ្តាប្រទេសក្នុងតំបន់ និងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nationsប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nations
ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតតំណាងកម្ពុជា និងអាស៊ាន បានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ក្នុងការដោះស្រាយផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលបង្កឡើងដោយសារធាតុផ្ទុះ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) នៅក្នុងបណ្តាប្រទេសជាសមាជិក តាមរយៈការបញ្ជ្រាបការយល់ដឹង ការជួយសង្គ្រោះជនរងគ្រោះ និងការគាំទ្រដល់ការបោសសំអាតដីចម្ការមីន។

ការចូលរួមធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមអាស៊ានដោយតំណាងកម្ពុជានាពេលនេះ មិនត្រឹមតែស្តែងឱ្យឃើញពីតួនាទីសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការរួមសហការគ្នាយ៉ាងជិតស្និទ្ធរបស់ប្លុកអាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជនក្នុងតំបន់ទាំងមូល៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2