National

• 2 hours ago• Lim_Rothanaksambath

ក្រសួងមហាផ្ទៃ បន្តបង្ហាញទិន្នន័យស្ថានភាពជនភៀសសឹក ខណៈប្រតិភូយោធាហ្វីលីពីន បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅច្រកបឹងត្រកួន

ក្រសួងមហាផ្ទៃ បន្តបង្ហាញទិន្នន័យស្ថានភាពជនភៀសសឹក ខណៈប្រតិភូយោធាហ្វីលីពីន បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅច្រកបឹងត្រកួន


ភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ ដោយបានបង្ហាញពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ ការរំលោភបំពានពីភាគីយោធាថៃ ព្រមទាំងការសម្របសម្រួលជូនប្រតិភូយោធាហ្វីលីពីន ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ព្រំដែន។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញអំពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរពបទឈប់បាញ់ និងបានរំលេចពីក្ដីបារម្ភចំពោះសកម្មភាពរបស់ភាគីថៃដែលមិនស្របតាមកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ដែលត្រូវតែបញ្ឈប់ជាបន្ទាន់។ ការចុះពិនិត្យដោយផ្ទាល់របស់ប្រតិភូហ្វីលីពីន ក្នុងនាមជាប្រធានប្ដូរវេន និងសមាជិកអាស៊ាន គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់កម្ពុជា និងការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានធ្វើបច្ចុប្បន្នភាពទិន្នន័យបឋម គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ស្ដីពីការបន្តកាន់កាប់ដោយខុសច្បាប់ និងការបង្កការខូចខាតដោយយោធាថៃ ផ្ទុយពីសេចក្តីថ្លែងការណ៍រួមសន្តិភាពទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) និងស្មារតីកិច្ចប្រជុំ GBC លើកទី៣។

Inline image
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងថា អំពើឈ្លានពានបានបង្កឱ្យមានជនស៊ីវិលភៀសសឹកសរុបប្រមាណ ៦៤៩.០០០នាក់។ ក្នុងនោះ ៦២៥.០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយ ខណៈប្រជាពលរដ្ឋដែលនៅសេសសល់ កំពុងបន្តស្នាក់នៅតាមជំរុំសុវត្ថិភាព និងភូមិរង់ចាំ។

ជាមួយគ្នានោះផងដែរ តាមទិន្នន័យ CMAC ក៏បានឱ្យដឹងថា យោធាថៃបានបាញ់គ្រាប់បែកចង្កោម (Cluster Munitions) ប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ មានបង្កប់កូនគ្រាប់មិនទាន់ផ្ទុះ ៦ ទៅ ៧លានគ្រាប់ ស្រោចលើតំបន់ស៊ីវិលកម្ពុជាទំហំជិត ៣.០០០គីឡូម៉ែត្រក្រឡា លើភូមិចំនួន ៣៣៥។

ចំណែក ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ក៏ត្រូវបានយោធាថៃបាញ់ផ្លោង និងទម្លាក់គ្រាប់បំផ្លាញដោយចេតនាចំនួន ៥០១គោលដៅ (ខូចខាត ៥៦២កន្លែង) ព្រមទាំងបង្កការខូចខាតប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងប្រាសាទខ្លា។ បន្ថែមពីនេះ មានផ្ទះប្រជាពលរដ្ឋ ១.៥៥៨ខ្នង, សាលារៀន ២៦, មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤, វត្តអារាម ១៩, ផ្លូវ ៨៧ខ្សែ និងស្ពាន ៥ រួមនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតត្រូវរងការខូចខាត។

ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់យោធាថៃ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ (IHL), អនុសញ្ញាគ្រាប់បែកចង្កោម, សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (UDHR 1948), អនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាសឺណែវ ឆ្នាំ១៩៤៩។

ឆ្លើយតបនឹងបញ្ហានេះ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់លើ ចំណុចស្នូលទាំង៤ ដែលកម្ពុជាបានដាក់ចេញក្នុងកិច្ចប្រជុំ UNCLOS នៅទីក្រុងឡាអេ ដើម្បីកសាងទំនុកចិត្ត និងបន្ធូរបន្ថយភាពតានតឹង រួមមាន ការធ្វើទំនាក់ទំនងសាធារណៈប្រកបដោយលក្ខណៈស្ថាបនា និងជៀសវាងវោហាសាស្ដ្រញុះញង់, ការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធាក្នុងដែនសមុទ្រ, ការលើកកម្ពស់កម្រិតតំណាងការទូតឡើងវិញ ដើម្បីមានបណ្ដាញទំនាក់ទំនងផ្ទាល និងការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង និងបទឈប់បាញ់ដែលមានស្រាប់៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3