National

• 51 minutes ago• Lim_Rothanaksambath

បារាំងបញ្ជាក់សារជាថ្មីនូវការប្រកាន់ខ្ជាប់គោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឱកាសខួបលើកទី៣៥

បារាំងបញ្ជាក់សារជាថ្មីនូវការប្រកាន់ខ្ជាប់គោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឱកាសខួបលើកទី៣៥



ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ ប្រទេសបារាំង ដែលជាអតីតសហប្រធាននៃសន្និសីទអន្តរជាតិស្តីពីកម្ពុជា បានប្រកាសបញ្ជាក់សារជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវគោលការណ៍គ្រឹះនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៣៥ (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា Ambassade de France au Cambodge នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ បានបង្ហោះសារឡើងថា កាលពី ៣៥ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាឡើង ដែលជាបត់បែនប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងការបិទបញ្ចប់ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍នៅកម្ពុជា និងបានបើកផ្លូវយ៉ាងទូលំទូលាយទៅកាន់ការវិលត្រឡប់មកវិញនៃសន្តិភាព ឯកភាពជាតិ និងការស្តារកសាងប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យ។

Inline image
នៅក្នុងសារលិខិតរំលឹកខួបនេះ រដ្ឋាភិបាលបារាំង ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ និងជាសហប្រធាននៃសន្និសីទអន្តរជាតិរួមជាមួយប្រទេសឥណ្ឌូនេស៊ី រហូតឈានទៅដល់ការចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ បានគូសបញ្ជាក់ថា គោលការណ៍សំខាន់ៗដែលចារឹកនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅតែជាតម្លៃស្នូលដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព ព្រមទាំងការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

បារាំង បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ១៩៩១ មក ប្រទេសបារាំង និងព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងកសាង និងពង្រឹងទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដោយផ្អែកលើចំណងមិត្តភាព និងប្រវត្តិសាស្ត្ររួមគ្នា ព្រមទាំងដើរទន្ទឹមគ្នានៅលើមាគ៌ាឆ្ពោះទៅកាន់អនាគត។

ជាមួយគ្នានេះ បារាំងបានសម្តែងនូវក្តីរំពឹងទុក និងភាពរីករាយក្នុងការជួបជុំគ្នាជាថ្មីជាមួយថ្នាក់ដឹកនាំកម្ពុជា នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលផ្លូវការនាពេលខាងមុខ ដើម្បីបន្តរឹតបន្តឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network