National

• 3 hours ago• Lim_Rothanaksambath

ឯកឧត្តម ហ៊ឺ វីរៈ ដាក់ចេញយុទ្ធសាស្ត្រធំ ៣ លើកស្ទួយសិល្បៈជាតិ និងជំរុញការទស្សនាភាពយន្តខ្មែរមួយខែម្តង

ឯកឧត្តម ហ៊ឺ វីរៈ ដាក់ចេញយុទ្ធសាស្ត្រធំ ៣ លើកស្ទួយសិល្បៈជាតិ និងជំរុញការទស្សនាភាពយន្តខ្មែរមួយខែម្តង
ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីធ្វើការវាយតម្លៃលើលទ្ធផលការងារកន្លងមក និងដាក់ចេញទិសដៅផែនការអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់ព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិក និងសមាជិកា សរុបចំនួន ៣៣រូប។

ថ្លែងនៅក្នុងអង្គប្រជុំ ឯកឧត្តម ហ៊ឺ វីរៈ បានលើកឡើងពីវឌ្ឍនភាពការងារ និងការឆ្លើយតបយ៉ាងមានវិជ្ជមានក្នុងរយៈពេលមួយត្រីមាសកន្លងមក ដោយសម្រេចបាននូវលទ្ធផលគួរឱ្យមោទនភាព តាមរយៈការដាក់ចេញ និងអនុវត្តផែនការដែលផ្តោតលើ មុំយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖

១. ការចូលរួមទស្សនាភាពយន្តខ្មែរមួយខែម្តង៖ ក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្តដល់ផលិតករ និងសិល្បករខ្មែរ ព្រមទាំងជំរុញទីផ្សារឧស្សាហកម្មភាពយន្តជាតិ។
២. ការផលិតវីដេអូអប់រំសម្រាប់ផ្សព្វផ្សាយ៖ ដើម្បីបញ្ជ្រាបចំណេះដឹង ការយល់ដឹងពីបេតិកភណ្ឌ និងតម្លៃវប្បធម៌ដល់យុវជន និងសាធារណជនទូទៅតាមប្រព័ន្ធឌីជីថល។

៣. ការចូលរួមចំណែកក្នុងការអភិវឌ្ឍសាលាជាតិវិចិត្រសិល្បៈ៖ គាំទ្រដល់ការបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សជំនាន់ក្រោយក្នុងវិស័យសិល្បៈ និងវប្បធម៌។

Inline image
ក្រៅពីមុំយុទ្ធសាស្ត្រស្នូលទាំង ៣ នេះ ឯកឧត្តមក៏បានកោតសរសើរផងដែរចំពោះសកម្មភាពការងារផ្សេងៗទៀត ដែលក្រុមការងារបានខិតខំប្រឹងប្រែងសម្រេចបាន រួមមាន សកម្មភាពសប្បុរសធម៌ ការចូលរួមចំណែកក្នុងការងារសង្គម សកម្មភាពកីឡា និងកិច្ចការអន្តរវិស័យផ្សេងៗ ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងពីស្មារតីសហការ ការលះបង់ និងការចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យវប្បធម៌ និងសង្គមជាតិទាំងមូល៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3