National

• 1 hour ago• Lim_Rothanaksambath

១ឆ្នាំនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សហរដ្ឋអាមេរិក បន្តគាំទ្រឱ្យកម្ពុជា-ថៃអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពពេញលេញ

១ឆ្នាំនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សហរដ្ឋអាមេរិក បន្តគាំទ្រឱ្យកម្ពុជា-ថៃអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពពេញលេញ


ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានផ្លូវការមួយ ក្នុងឱកាសអបអរសាទរខួប ១ឆ្នាំនៃការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ» (Kuala Lumpur Peace Accords) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោករដ្ឋមន្ត្រី Marco Rubio បានរំលឹកថា កាលពីមួយឆ្នាំមុន គឺថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald J. Trump បានសម្របសម្រួល និងនាំយកប្រទេសកម្ពុជា និងប្រទេសថៃ មកជួបជុំគ្នាតាមផ្លូវការដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រនេះ ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយកើតចេញពីការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះសន្តិភាព។

សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ មិនត្រឹមតែបង្ហាញពីឥទ្ធិពល និងថាមពលនៃការទូតអាមេរិកក្នុងការដោះស្រាយទំនាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំសម្រាប់សន្តិភាព រវាងកម្ពុជា និងថៃ ដោយបើកទំព័រយុគសម័យថ្មីនៃស្ថិរភាព និងភាពរុងរឿងប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

រដ្ឋមន្ត្រីការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរ កម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពពេញលេញ និងជួយប្រែប្រួលសន្យានៃសន្តិភាពយូរអង្វែងឱ្យក្លាយជាការពិតជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ទោះបីជាយ៉ាងណាក៏ដោយ ដំណាលគ្នានៃការប្រារព្ធខួប ១ឆ្នាំនេះ ស្ថាប័នផ្លូវការរបស់កម្ពុជា រួមមាន ក្រសួងមហាផ្ទៃ បានកត់សម្គាល់ពីបញ្ហាប្រឈម និងការរំលោភបំពានសេចក្តីថ្លែងការណ៍រួមមួយចំនួននៅតាមបណ្តោយព្រំដែន ដោយបានអំពាវនាវឱ្យមានការចូលរួមអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព និងយន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3