National
• 1 day ago• Lim_Rothanaksambath
ប្រមុខរាជរដ្ឋាភិបាល កំណត់យកថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃចាប់ផ្តើមអនុវត្តនូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វយោធា

ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៖ ថ្លែងក្នុងពិធី “អបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ” កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំណត់យកថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃចាប់ផ្តើមអនុវត្តនូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វយោធា។
សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា «ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា ពោលគឺយើងកំណត់យកថ្ងៃទី ៩ វិច្ឆិកា ដែលត្រូវជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យជាតិរបស់យើង គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ពរបស់យើង។ យើងនឹងបន្តរើសរាល់ឆ្នាំតាមតម្រូវការជាក់ស្ដែងរបស់កងទ័ព»។

ឆ្លៀតឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងលើកទឹកចិត្តទៅដល់យុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តដាក់ពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។ ជាក់ស្តែង រយៈពេលត្រឹមតែ ១៣ថ្ងៃនៃការបើកទទួលពាក្យ មានយុវជន យុវនារីកម្ពុជាប្រមាណជិត ១៥០០០នាក់ បានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ហើយក្រសួងការពារជាតិនឹងធ្វើការសម្រេចនៅក្នុងតម្រូវការជាក់ស្ដែងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត ដើម្បីធ្វើការហ្វឹកហ្វឺន។
សូមជម្រាបថា សម្រាប់បេក្ខជនដែលបានដាក់ពាក្យរួចរាល់ សូមបន្តតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងផ្លូវការរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីទទួលបានព័ត៌មានអំពីនីតិវិធី និងជំហានបន្តនៃការជ្រើសរើស៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network


