National

• 3 hours ago• Lim_Rothanaksambath

រយៈពេល៩ខែ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្តឹងបានជិត ៨០% ខណៈចំនួនពាក្យបណ្ដឹងកើនឡើង ៥៥% បើធៀបនឹងឆ្នាំ២០២៥

រយៈពេល៩ខែ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្តឹងបានជិត ៨០% ខណៈចំនួនពាក្យបណ្ដឹងកើនឡើង ៥៥% បើធៀបនឹងឆ្នាំ២០២៥


ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៖ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្ដឹងសរុបចំនួន ១,០៣១ បណ្ដឹង ពីសាធារណជន និងប្រជាពលរដ្ឋ។ ក្នុងនោះ អគ្គាធិការដ្ឋានបានចាត់ការពិនិត្យសិក្សាចំនួន ៩០១បណ្ដឹង និងសម្រេចដោះស្រាយបញ្ចប់បានចំនួន ៨៦៣ បណ្ដឹង (ស្មើនឹង ៧៩ភាគរយ នៃបណ្ដឹងសរុប)។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់អគ្គាធិការដ្ឋាន ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ចំនួនបណ្ដឹងដែលទទួលបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ មានការកើនឡើងចំនួន ៣២០ បណ្ដឹង ស្មើនឹង ៥៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ ខណៈដែលអត្រានៃការដោះស្រាយបញ្ចប់ក៏បានកើនឡើង ២% ផងដែរ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្នុងការឆ្លើយតបចំពោះក្តល់កង្វល់របស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ដដែល បណ្តឹងទាំង ១,០៣១ករណី ត្រូវបានបែងចែកតាមប្រភេទទំនាស់ និងពាក្យបណ្តឹងរួមមាន៖ បណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ មានចំនួន ៥២១ បណ្ដឹង, បណ្ដឹងរវាងប្រជាពលរដ្ឋ ជាមួយមន្ត្រីរាជការ មានចំនួន ២៣៨ បណ្ដឹង, បណ្ដឹងរវាងប្រជាពលរដ្ឋ ជាមួយប្រជាពលរដ្ឋ មានចំនួន ១២២ បណ្ដឹង, បណ្ដឹងរវាងប្រជាពលរដ្ឋ ជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃ មានចំនួន ១៣ បណ្ដឹង និង បណ្ដឹងរវាងមន្ត្រីរាជការ ជាមួយមន្ត្រីរាជការ មានចំនួន ៧ បណ្ដឹង។

អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងទាំងនេះតាមរយៈច្រកស្ទង់មតិ និងប្រព័ន្ធទំនាក់ទំនងចម្រុះ រួមមាន៖ ការស្រង់ខ្លឹមសារសារព័ត៌មានតាមបណ្ដាញសង្គម បានចំនួន ៥៤១ បណ្ដឹង, តាមប្រព័ន្ធអនឡាញ (Citizen Satisfaction Survey - CSS) បានចំនួន ៣៦០ បណ្ដឹង, ការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួងមហាផ្ទៃ បានចំនួន ៧៨ បណ្ដឹង, ការបញ្ជាផ្ទាល់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំនួន ២០ បណ្ដឹង, តាមទំព័រហ្វេសប៊ុកអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានចំនួន ១៦ បណ្ដឹង, តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចំនួន ៨ បណ្ដឹង និងតាមរយៈក្រុមការងារតាមដានការអនុវត្តគោលការណ៍ណែនាំ បានចំនួន ៨ បណ្ដឹង។

ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានបានទទួលរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន ៤៥៦របាយការណ៍ និងបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន ៦២៩បណ្ដឹង។ បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ អគ្គាធិការដ្ឋានបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវផ្ទាល់ចំនួន ១០៣បណ្ដឹង ព្រមទាំងចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹង (ស.ជ.ណ) របស់ក្រសួងមហាផ្ទៃចំនួន ១២គោលដៅ (ស្មើនឹង ៦២ ស.ជ.ណ)។

គួរបញ្ជាក់ផងដែរថា អគ្គអធិការដ្ឋានក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចយ៉ាងសំខាន់ក្នុងការធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងទទួលពាក្យបណ្ដឹងតវ៉ា និងបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាតម្លាភាព និងយុត្តិធម៌សង្គម៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI