National
• 1 hour ago• Lim_Rothanaksambath
ជនជាតិវៀតណាម ១០នាក់ ត្រូវបណ្តេញចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក

ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញជនជាតិវៀតណាម សរុបចំនួន ១០ នាក់ ក្នុងនោះស្រី ៦ នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើស ពាក់ព័ន្ធនឹងការលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន។
ប្រតិបត្តិការបណ្ដេញចេញដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ ត្រូវបានអនុវត្តឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានប្រគល់ភារកិច្ចជូននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDIកិច្ចប្រតិបត្តិការបោសសម្អាត និងបណ្ដេញជនបរទេសខុសច្បាប់ជាបន្តបន្ទាប់នេះ គឺជាការអនុវត្តយ៉ាងសកម្មតាមបទបញ្ជាផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ជំហរឥតងាករេថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។
សម្តេចធិបតី បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។
ក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចកម្ពុជាកំពុងខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាពជាបន្តបន្ទាប់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



