National

• 1 hour ago• Lim_Rothanaksambath

សាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងផ្អាកដំណើរការរយៈពេល ២ថ្ងៃ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការទូតអន្តរជាតិ ២ ធំៗ

សាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងផ្អាកដំណើរការរយៈពេល ២ថ្ងៃ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការទូតអន្តរជាតិ ២ ធំៗ



ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការ ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ការសម្រេចផ្អាកដំណើរការសាលារៀនជាបណ្តោះអាសន្ននេះ ធ្វើឡើងក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការទូតអន្តរជាតិដ៏ធំ គឺ «សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨» និង «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» (The 20th Francophonie Summit) នៅរាជធានីភ្នំពេញ។

យោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅ បានឱ្យដឹងថា គោលបំណងចម្បងនៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សារយៈពេល ២ថ្ងៃនេះ គឺដើម្បីចៀសវាងការរាំងស្ទះ និងការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក អញ្ជើញមកចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

Inline image

ក្នុងនោះផងដែរ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ក៏បានណែនាំដល់លោក-លោកស្រី នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត ឱ្យជ្រាបជាព័ត៌មាន និងសហការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សគ្រប់រូប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺជាព្រឹត្តិការណ៍ការទូតពហុភាគីដ៏ធំបំផុតមួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រមូលផ្តុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាសមាជិកជិត ៩០ ប្រទេស ដើមឡើយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3