National
• 1 day ago• Lim_Rothanaksambath
សមត្ថកិច្ច៖ «កាំភ្លើងប្រើហ្គាសបាញ់គ្រាប់ដែក និងចំពាមបាញ់គ្រាប់ដែក» ជាអាវុធបង្កគ្រោះថ្នាក់ដល់ជីវិត និងអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការលក់ដូរជាបន្ទាន់

ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះវីដេអូអប់រំស្តីពីគ្រោះថ្នាក់នៃអាវុធកែច្នៃ «កាំភ្លើងប្រើហ្គាសបាញ់គ្រាប់ដែក និងចំពាមបាញ់គ្រាប់ដែក» ចំពោះអាយុជីវិត និងសន្តិសុខសង្គម។
ក្នុងវីដេអូឃ្លីបរយៈពេលជាង ៤នាទីនេះ វីរសេនីយ៍ឯក ខុន គុណ្ណា បានលើកឡើងអំពីគ្រោះថ្នាក់នៃអាវុធកែច្នៃ ដែលជាឧបករណ៍ម្យ៉ាងមើលទៅហាក់បីដូចជាវត្ថុសម្រាប់ក្មេងលេង ឬឧបករណ៍កម្សាន្ត ប៉ុន្តែវាអាចក្លាយជា «ឃាតកលាក់មុខ» ឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយស្រួល។
វីរសេនីយ៍ឯក ខុន គុណ្ណា រៀបរាប់បន្តថា បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបានកត់សម្គាល់ឃើញថា មានការចរាចរ ផលិត និងផ្សព្វផ្សាយលក់ដូរ «កាំភ្លើងកែច្នៃបាញ់គ្រាប់ដែក» និង «ចំពាមបាញ់គ្រាប់ដែក» យ៉ាងអនាធិបតេយ្យនៅលើបណ្តាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) តិកតុក (TikTok) ព្រមទាំងការដាក់លក់ដោយផ្ទាល់ផងដែរ។
ទោះបីជាមនុស្សមួយចំនួនយល់ច្រឡំថា ឧបករណ៍ទាំងនេះគ្រាន់តែជាវត្ថុសម្រាប់បាញ់សត្វ ឬលេងកម្សាន្តក៏ដោយ ប៉ុន្តែតាមរយៈការធ្វើតេស្តសាកល្បងជាក់ស្តែងដោយសមត្ថកិច្ច បានបង្ហាញថា ឥទ្ធិពលនៃអាវុធកែច្នៃទាំងនេះមានកម្លាំងខ្លាំងក្លា។ តាមរយៈការបាញ់សាកល្បងដោយផ្ទាល់ក្នុងវីដេអូ បង្ហាញឱ្យឃើញថា ប្រសិនបើកាំភ្លើងប្រើហ្គាសបាញ់គ្រាប់ដែក និងចំពាមបាញ់គ្រាប់ដែក បាញ់ចំអវយវៈសំខាន់ៗណាមួួយ វានឹងបង្កឱ្យមានរបួសធ្ងន់ធ្ងរ ឬបណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។ លើសពីនេះ ប្រសិនបើជនខិលខូចទិញយកទៅប្រើប្រាស់ក្នុងគោលដៅបង្កជម្លោះ វានឹងបង្កើតជាមហន្តរាយដល់អាយុជីវិត និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។
ក្នុងវីដេអូអប់រំនេះ វីរសេនីយ៍ឯក ខុន គុណ្ណា ក៏បានចែករំលែកចំណេះដឹងផ្នែកច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និង ក្រមព្រហ្មទណ្ឌ ឱ្យសាធារណជនបានដឹងផងដែរ។ ក្នុងនោះ វីរសេនីយ៍ឯក ខុន គុណ្ណា បានបង្ហាញចំនុចសំខាន់ៗរួមមាន៖
១. ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ (មាត្រា ២០)៖ ជនណាដែលបំពាក់ ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃ ដំឡើង ជួសជុលនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ)ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥០០.០០០ (ហាសិបម៉ឺន) រៀល ដល់ ២.០០០.០០០ (ពីរលាន) រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
បន្ថែមពីនេះ ចំពោះអ្នកលក់តាមអនឡាញ (Online) ដែលផ្សព្វផ្សាយលក់ ឬចែកចាយអាវុធកែច្នៃនេះ គឺមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ ដោយសមត្ថកិច្ចជំនាញនឹងស្រាវជ្រាវតាមចាប់ខ្លួនទាំងអ្នកលក់ និងអ្នកទិញមកផ្តន្ទាទោសខានពុំបាន។
២. ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា (មាត្រា ២១៨ - ករណីបង្កហិង្សាមានស្ថានទម្ងន់ទោស)៖ ជនណាដែលយកអាវុធកែច្នៃទៅប្រព្រឹត្តជាអំពើហិង្សាដោយចេតនា បង្ករបួសស្នាមធ្ងន់ធ្ងរដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល។
៣. បទមនុស្សឃាត (មាត្រា ១៩៩)៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ដល់ ១៥(ដប់ប្រាំ)ឆ្នាំ។
ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីការពារសហគមន៍ និងក្រុមគ្រួសារ សូមធ្វើការអំពាវនាវដល់សាធារណជននូវវិធានការសំខាន់ៗចំនួន ៣៖
• ទី១៖ សូមបញ្ឈប់ការផលិត ការទិញ និងការលក់អាវុធកែច្នៃ និងចំពាមបាញ់គ្រាប់ដែកទាំងនេះឱ្យបានដាច់ខាត។
• ទី២៖ សូមឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ តាមដាន និងអប់រំកូនចៅ កុំឱ្យទិញ ឬប្រើប្រាស់ឧបករណ៍បង្កគ្រោះថ្នាក់ទាំងនេះ។
• ទី៣៖ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងរួមគ្នាបំបាត់អាវុធកែច្នៃ ដើម្បីសុវត្ថិភាពគ្រួសារ និងសង្គមជាតិយើងទាំងមូល។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋប្រទះឃើញមានការលក់ដូរ ឬផលិតអាវុធកែច្នៃទាំងនេះនៅតាមមូលដ្ឋាន ឬលើបណ្តាញសង្គម សូម សហការរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរ ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network


