National

• 2 hours ago• Lim_Rothanaksambath

សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបទល្មើសពពោះជំនួសខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន និងវៀតណាម សរុប ៥នាក់

សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបទល្មើសពពោះជំនួសខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន និងវៀតណាម សរុប ៥នាក់


ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ អនុវត្តតាមបទបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បំបែក និងបង្ក្រាបករណី ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ (បទល្មើសពពោះជំនួសខុសច្បាប់) ដោយបានឃាត់ខ្លួនជនបរទេសចំនួន ៥នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ប្រតិបត្តិការបង្ក្រាបនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង ១២:៤៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន​ និងការងារយេនឌ័រ, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការផែនការងារសន្តិសុខ, លោកស្រី ឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលការងារការិយាល័យផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន​ និងការងារយេនឌ័រ បានដឹកនាំកម្លាំងសហការជាមួយ គណៈបញ្ជាការរដ្ឋបាលខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកស្រី ផាន់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅក្នុងប្រតិបត្តិការឆែកឆេរទីតាំងសង្ស័យ ដែលជាបន្ទប់ខុនដូ ចំនួន ០២បន្ទប់ នៃអគារខុនដូរបូរីសែនសុខ អគារ C ផ្លូវបេតុង ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួន ជនបរទេសស្រី ចំនួន ០៥នាក់ រួមមាន៖ ជនជាតិចិន ចំនួន ០១នាក់ (ស្រី) ជាអ្នកចាត់ចែង និងរៀបចំមើលថែឱ្យមានការពពោះ និងជនជាតិវៀតណាម ចំនួន ០៤នាក់ (ស្រី)។

ព្រមជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីបម្រើឱ្យការស្រាវជ្រាវ។ បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កំពុងតែកសាងសំណុំរឿងយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានហាមឃាត់ដាច់ខាតនូវអាជីវកម្ម និងសកម្មភាពពពោះជំនួសបែបពាណិជ្ជកម្ម (Commercial Surrogacy) ស្របតាមប្រកាសរួម និងក្របខណ្ឌច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្ស និងអន្តរការកេងប្រវ័ញ្ចផ្លូវភេទ ដើម្បីការពារសិទ្ធិ និងសុខុមាលភាពរបស់ស្ត្រី និងកុមារ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3