National

• 2 hours ago• Lim_Rothanaksambath

ក្រសួងវប្បធម៌កម្ពុជា បដិសេធចំពោះអំណះអំណាងគ្មានមូលដ្ឋាន និងពុំស្របតាមច្បាប់អន្តរជាតិរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ជុំវិញប្រាសាទខ្នារ និងប្រាសាទតាក្របី

ក្រសួងវប្បធម៌កម្ពុជា បដិសេធចំពោះអំណះអំណាងគ្មានមូលដ្ឋាន និងពុំស្របតាមច្បាប់អន្តរជាតិរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ជុំវិញប្រាសាទខ្នារ និងប្រាសាទតាក្របី


ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបដិសេធយ៉ាងដាច់អហង្ការចំពោះអំណះអំណាងឥតមូលដ្ឋានរបស់ លោកស្រី Sabeeda Thaised រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលសារព័ត៌មាន Khaosod បានចុះផ្សាយ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយបានអះអាងដោយខុសច្បាប់ថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតក្នុងទឹកដីថៃ ព្រមទាំងបដិសេធមិនប្រគល់វត្ថុសិល្បៈដែលភាគីថៃបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទទាំងនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានគូសបញ្ជាក់ និងសង្កត់ធ្ងន់លើចំណុចច្បាប់ និងប្រវត្តិសាស្ត្រសំខាន់ៗចំនួន ៥ ចំណុច៖

១. ប្រាសាទបុរាណខ្មែរ និងអធិបតេយ្យភាពកម្ពុជា៖ ប្រាសាទខ្នារ ប្រាសាទតាក្របី និងប្រាសាទមួយចំនួនទៀតតាមបណ្តោយព្រំដែន ត្រូវបានកសាងដោយបុព្វបុរសខ្មែរ និងស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ស្របតាម ផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលជាលទ្ធផលនៃការខណ្ឌសីមានៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ សុពលភាពនៃផែនទីនេះ ត្រូវបានទទួលស្គាល់ដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣។
២. ភស្តុតាងលើផែនទីសេរី L7017៖ បើទោះបីជាផែនទី L7017 ជាផែនទីដែលភាគីថៃគូសជាឯកតោភាគីគ្មានតម្លៃគតិយុត្ត និងត្រូវបានកម្ពុជាប្រឆាំងយ៉ាងណាក៏ដោយ ក៏ផែនទីនេះបានគូសបញ្ចូលប្រាសាទទាំងនេះនៅក្នុងទឹកដីកម្ពុជាដែរ ដែលជាភស្តុតាងថៃមិនអាចប្រកែកបាន។
៣. សកម្មភាពបង្កើតអង្គហេតុសម្រេច (Fait accompli) គ្មានតម្លៃផ្លូវច្បាប់៖ ការចុះបញ្ជីប្រាសាទទាំងនេះក្នុងបញ្ជីបេតិកភណ្ឌថៃ និងការចាត់វិធានការរដ្ឋបាលឯកតោភាគី ផ្ទុយនឹងច្បាប់អន្តរជាតិ និងគោលការណ៍ uti possidetis juris ហើយមិនអាចកែប្រែបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។
៤. ការរំលោភលើអនុសញ្ញាអន្តរជាតិ និង MOU ឆ្នាំ២០០០៖ ការប្រមូល និងដកហូតវត្ថុសិល្បៈចេញពីតំបន់ប្រាសាទដែលកំពុងកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤, អនុសញ្ញាយូណេស្កូ ឆ្នាំ១៩៧២ និងប្រការ៥ នៃ MOU ឆ្នាំ២០០០ ព្រមទាំងបំពានលើអាណត្តិរបស់ គណៈកម្មការ JBC។
៥. ការបង្កភាពតានតឹង និងប៉ះពាល់ដល់ទំនុកចិត្ត៖ សកម្មភាពបង្ករឿងម្តងហើយម្តងទៀតរបស់ក្រសួងវប្បធម៌ថៃ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្ត គោលការណ៍ភាពជាអ្នកជិតខាងល្អ និងផ្ទុយពីស្មារតីសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

Inline image
តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងវប្បធម៌កម្ពុជា ទាមទារជាដាច់ខាតឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពគ្មានការអនុញ្ញាតនៅលើទីតាំងបេតិកភណ្ឌកម្ពុជា និងប្រគល់ត្រឡប់មកវិញភ្លាមៗនូវរាល់វត្ថុបុរាណដែលបានយកចេញពីប្រាសាទខ្នារ។ ជាមួយគ្នានេះ កម្ពុជា បានជម្រុញឱ្យថៃចាប់ផ្តើមដំណើរការឡើងវិញនូវយន្តការ គណៈកម្មការចម្រុះព្រំដែន (JBC) ដោយគ្មានការពន្យារពេល ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3