National

• 7 hours ago• Lim_Rothanaksambath

ជប៉ុន ផ្តល់ឥណទាន ៣០ប៊ីលានយ៉េន ដល់កម្ពុជា ខណៈភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងស្ថានការណ៍ព្រំដែន

ជប៉ុន ផ្តល់ឥណទាន ៣០ប៊ីលានយ៉េន ដល់កម្ពុជា ខណៈភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងស្ថានការណ៍ព្រំដែន
ភ្នំពេញ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ISHIZUKI Hideo (អ៊ិស៊ិហ្សឹគិ ហ៊ិដេអុ) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស។

នៅក្នុងជំនួបការទូតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ ឯកឧត្តម ISHIZUKI Hideo ដែលត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា។

ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ នយោបាយ ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការវិវត្តថ្មីៗនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ដោយបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែរឹងមាំ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន ឯកអគ្គរាជទូតជប៉ុន ពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ពី ជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដល់ជនភៀសសឹកកម្ពុជា។

ភ្លាមៗបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម ISHIZUKI Hideo បានអញ្ជើញធ្វើជាតំណាងចុះហត្ថលេខាលើ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣០ ប៊ីលានយ៉េន (ស្មើនឹងប្រមាណ ២០០ លានដុល្លារអាម៉េរិក)។

ហិរញ្ញប្បទានសម្បទាននេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់អនុវត្ត «គម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព» ដោយផ្តោតលើគោលបំណងសំខាន់ៗដូចជា៖ ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងស្រុក និងតំបន់, កាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ, គ្រប់គ្រង និងរៀបចំអន្តរកាលនៃវិស័យថាមពល ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយចីរភាព និងសុវត្ថិភាព។

កិច្ចព្រមព្រៀងហិរញ្ញប្បទាន និងជំនួបការទូតនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីជំនឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3