National

• 6 hours ago• Lim_Rothanaksambath

ក្រសួងការពារជាតិ កំណត់យកយុវជន ១ម៉ឺននាក់ ចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ខណៈការអនុវត្តនឹងចាប់ផ្តើមនៅថ្ងៃ ៩ វិច្ឆិកា

ក្រសួងការពារជាតិ កំណត់យកយុវជន ១ម៉ឺននាក់ ចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ខណៈការអនុវត្តនឹងចាប់ផ្តើមនៅថ្ងៃ ៩ វិច្ឆិកា
ភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជាផ្លូវការ ស្តីពី «ការជ្រើសរើសប្រជាពលរដ្ឋខ្មែរដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦» ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ និងពង្រឹងកងយោធពលខេមរភូមិន្ទ។

យោងតាមខ្លឹមសារនៃអនុក្រឹត្យដែលបានប្រកាស អនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ច្បាប់ស្តីពីកាតព្វកិច្ចយោធា ព្រមទាំងបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ រាជរដ្ឋាភិបាលបានសម្រេចក្រសួងការពារជាតិ ធ្វើការជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមាន អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដើម្បីចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ (ម្ភៃបួន) ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ក្នុង ចំនួនសរុប ១០,០០០ (ដប់ពាន់) នាក់ សម្រាប់ឆ្នាំ២០២៦។

អនុក្រឹត្យនេះបានប្រគល់ភារកិច្ចជូន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

Inline image

ការអនុវត្តអនុក្រឹត្យនេះ គឺជាការប្រមូលផ្តុំកម្លាំងយុវជនក្នុងការចូលរួមការពារអធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងជាការហ្វឹកហ្វឺនវិន័យ កាយសម្បទា និងស្មារតីស្នេហាជាតិ ស្របតាមក្របខណ្ឌច្បាប់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

គួរឱ្យដឹងផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំណត់យកថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃចាប់ផ្តើមអនុវត្តនូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វយោធា។ នេះបើយោងតាមការថ្លែងរបស់សម្តេចធិបតី ក្នុងពិធី “អបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ” កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ បានកោតសរសើរ និងលើកទឹកចិត្តទៅដល់យុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តដាក់ពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។ ជាក់ស្តែង រយៈពេលត្រឹមតែ ១៣ថ្ងៃនៃការបើកទទួលពាក្យ មានយុវជន យុវនារីកម្ពុជាប្រមាណជិត ១៥០០០នាក់ បានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា។ សម្រាប់បេក្ខជនដែលបានដាក់ពាក្យរួចរាល់ សូមបន្តតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងផ្លូវការរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីទទួលបានព័ត៌មានអំពីនីតិវិធី និងជំហានបន្តនៃការជ្រើសរើស៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2