National
• 5 hours ago• Lim_Rothanaksambath
ក្រសួងព័ត៌មាន បើកយុទ្ធនាការឆន្ទៈល្អលើកទី២ ពង្រឹងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ

ភ្នំពេញ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងព័ត៌មាន បានប្រកាសរៀបចំ «យុទ្ធនាការឆន្ទៈល្អលើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ។
យុទ្ធនាការថ្នាក់ជាតិនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផលិត និងចែកចាយ អ្នកប្រកបអាជីវកម្ម សមាគមផ្សព្វផ្សាយពាណិជ្ជកម្ម សិល្បករ សិល្បការិនី អ្នកផលិតមាតិកា (Content Creators) និងអ្នកសារព័ត៌មានជាតិ សរុប ប្រមាណ ៥០០ នាក់។
កម្មវិធីនេះ សហការរៀបចំដោយក្រសួងព័ត៌មាន ក្រុមហ៊ុន MSA និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) ព្រមទាំងមានការឧបត្ថម្ភពីក្រុមហ៊ុនផលិត និងចែកចាយគ្រឿងស្រវឹង-ភេសជ្ជៈធំៗជាច្រើនក្នុងប្រទេស រួមមាន ក្រុមហ៊ុន Chip Mong Foods & Beverages, Vattanac Brewery, Champion Group, Heineken (Cambodia), Cambrew (Carlsberg Cambodia) និង Medai G.B Enterprise។
គោលបំណងចម្បងនៃការរៀបចំយុទ្ធនាការឆន្ទៈល្អលើកទី២ គឺដើម្បីបន្តជំរុញការយល់ដឹង និងលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ បង្កើនការប្រុងប្រយ័ត្នលើខ្លឹមសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដើមឡើយការពារសុខភាពសាធារណៈ ជាពិសេសយុវជន និងកុមារ។
បន្ថែមពីលើនោះ យុទ្ធនាការនេះក៏នឹងបង្កើតកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាថាការផ្សព្វផ្សាយពាណិជ្ជកម្មប្រព្រឹត្តទៅដោយមានក្រមសីលធម៌ និងគិតគូរដល់ផលប្រយោជន៍សង្គម។

តាមរយៈយុទ្ធនាការនេះ ក្រសួងព័ត៌មានរំពឹងថា នឹងបង្កើតបាននូវបរិយាកាសអំណោយផលក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ ពង្រឹងការប្តេជ្ញាចិត្តអនុវត្តច្បាប់ ព្រមទាំងរួមចំណែកបង្កើតបរិយាកាសសង្គមដែលផ្តល់អាទិភាពខ្ពស់លើការការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីក្រុមហ៊ុនផលិត អ្នកផ្សព្វផ្សាយ រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ ឱ្យបន្តចូលរួមអនុវត្តវិធានការទាំងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមក្រមសីលធម៌អាជីវកម្មជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



