National
• 5 hours ago• Lim_Rothanaksambath
ធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលា និងកិច្ចសន្ទនា «បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី» ពង្រឹងសមភាព និងសេដ្ឋកិច្ចស្ត្រីនៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖ ធនាគារជាតិនៃកម្ពុជា (NBC) បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងកិច្ចការនារី និងអង្គការ Women’s World Banking (WWB) រៀបចំសិក្ខាសាលា និងកិច្ចសន្ទនាស្តីពី «បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា» នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញសមភាព និងបង្កើនឱកាសទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្នសម្រាប់ស្ត្រី។
ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Angelique Timmer នាយកតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ Women’s World Banking រួមទាំង តំណាងក្រសួង-ស្ថាប័នរដ្ឋ សមាគមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងអង្គការសង្គមស៊ីវិលពាក់ព័ន្ធជាច្រើនរូប។
កម្មវិធីនេះផ្តោតសំខាន់លើការកំណត់នូវយន្តការជាក់ស្តែង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី បើកផ្លូវឱ្យស្ត្រីកម្ពុជាអាចបញ្ចេញសក្តានុពលពេញលេញក្នុងការបង្កើត និងពង្រីកអាជីវកម្ម និងពង្រឹងសេដ្ឋកិច្ចគ្រួសារ។ ជាមួយគ្នានេះ វេទិកានេះក៏បានផ្តល់ឱកាសដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការសិក្សា និងបង្កើតនូវផលិតផល ព្រមទាំងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ឱ្យឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ស្ត្រី។
បន្ថែមពីលើនេះ សិក្ខាសាលាក៏បានបង្កើតជាវេទិការួមមួយ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សាលើឱកាស និងទិដ្ឋភាពប្រឈមនានា ដើម្បីប្រមូលជាធាតុចូលកម្រិតយុទ្ធសាស្ត្រ ក្នុងការរៀបចំគោលនយោបាយ និងកញ្ចប់សេវាហិរញ្ញវត្ថុប្រកបដោយសមធម៌ ជាពិសេសសម្រាប់ ស្ត្រី និងស្ត្រីមានពិការភាព។
ភាគីពាក់ព័ន្ធទាំងអស់បានប្តេជ្ញាចិត្តរួមគ្នា ស្វែងរកវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលបានដាក់ចេញ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែងនៅលើដី ដើមឡើយលើកកម្ពស់សុខុមាលភាព និងសមភាពសេដ្ឋកិច្ចស្ត្រីនៅកម្ពុជាឱ្យកាន់តែចីរភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



