National
• 5 hours ago• Lim_Rothanaksambath
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បកស្រាយច្បាស់ៗពីមូលហេតុនាំឱ្យខុសទិន្នន័យ និងនីតិវិធីដោះស្រាយជូនពលរដ្ឋ

ភ្នំពេញ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនព័ត៌មានជាផ្លូវការ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីជម្រាបជូនសាធារណជនអំពីមូលហេតុ កិច្ចខិតខំប្រឹងប្រែងដោះស្រាយ និងផែនការកែទម្រង់ឌីជីថល ជុំវិញការងារកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងកង្វល់នានាដែលបានលើកឡើងលើបណ្តាញសង្គមនាពេលកន្លងមក។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋានតាមគំរូឯកភាពទូទាំងប្រទេស បានចាប់ផ្តើមអនុវត្តតាំងពីខែសីហា ឆ្នាំ២០០២។ ទោះជាយ៉ាងណា ដោយសារការចុះបញ្ជីនាពេលនោះធ្វើឡើងដោយដៃចូលក្នុងសៀវភៅអត្រានុកូលដ្ឋានភ្លោះ ជាពិសេសក្នុងអំឡុងយុទ្ធនាការចុះបញ្ជីចល័តឆ្នាំ២០០៤-២០០៦ ទើបបណ្តាលឱ្យមានកំហុសឆ្គងទិន្នន័យ។ លទ្ធផលនៃការអង្កេតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋប្រមាណ ១/៣ មានទិន្នន័យមិនស៊ីគ្នារវាងសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានដាក់ចេញ យុទ្ធសាស្ត្រជាតិ ស្តីពីអត្រានុកូលដ្ឋាន (២០១៧-២០២៦) ព្រមទាំងបានអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានជាលក្ខណៈឌីជីថល (Civil Registration System) និងការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ជូនពលរដ្ឋគ្រប់រូប។ ជាលទ្ធផលជាក់ស្តែង មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានសម្រេចកែតម្រូវទិន្នន័យជូនប្រជាពលរដ្ឋបានចំនួន ១៧៩,០០២ នាក់រួចរាល់ និងកំពុងបន្តដោះស្រាយករណីស្មុគស្មាញផ្សេងទៀត។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងត្រៀមផែនការរៀបចំដំឡើង និងពង្រីកប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមបែបឌីជីថលនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ តាមផែនការដែលបានកំណត់ អគ្គនាយកដ្ឋាននឹងដាក់ឱ្យដំណើរការប្រព័ន្ធនេះនៅទូទាំងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៧ ហើយនឹងបន្តពង្រីកការអនុវត្តនៅតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេស នៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីធានាថាការផ្តល់សេវាជូនពលរដ្ឋកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
ក្នុងអំឡុងអន្តរកាលនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារអត្តសញ្ញាណរបស់ខ្លួនឱ្យបានត្រឹមត្រូវមុននឹងយកទៅប្រើប្រាស់។ ប្រសិនបើមានកំហុសឆ្គង ពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវបាននៅតាមរដ្ឋបាលឃុំ-សង្កាត់ដើម រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋាន។
សម្រាប់ព័ត៌មានបន្ថែម ឬការសម្របសម្រួលបច្ចេកទេស ប្រជាពលរដ្ឋអាចទំនាក់ទំនងមកកាន់ ក្រុមការងារប្រតិបត្តិកម្មរហ័ស តាមលេខទូរសព្ទ ១២៧១ ឬនាយកដ្ឋានអត្រានុកូលដ្ឋានតាមលេខ ០៩៦ ៨២៨ ៩២១៤ / ០១២ ៤៥៨ ៤០០៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

