National

• 5 hours ago• Lim_Rothanaksambath

កម្ពុជា និងរុស្ស៊ី ប្តេជ្ញាសហការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងលុបបំបាត់បទល្មើសឆបោកតាមអនឡាញ

កម្ពុជា និងរុស្ស៊ី ប្តេជ្ញាសហការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងលុបបំបាត់បទល្មើសឆបោកតាមអនឡាញ


ភ្នំពេញ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Markovchin Sergei មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ទទួលបន្ទុកការងារយោធា និងនយោបាយ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ៖នៅអគ្គបញ្ជាការដ្ឋាន ក្នុងឱកាសដែលគណៈប្រតិភូយោធារុស្ស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

នៅក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ពិសេសក្នុងឆ្នាំ២០២៦នេះ គឺជា ខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (១៩៥៦-២០២៦)។

ឯកឧត្តមអគ្គមេបញ្ជាការ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទលើជំនាញយោធាសំខាន់ៗជាច្រើន។

ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើទិសដៅសំខាន់ៗ រួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ច/ព័ត៌មានយោធា, ការសហការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime), កិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និងការធ្វើលំហាត់សមយុទ្ធយោធារួមគ្នា។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Markovchin Sergei បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ភាគីកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសាងសង់សាលាហ្វឹកហ្វឺនជំនាញរថក្រោះរបស់កងទ័ពជើងគោក ព្រមទាំងបានបញ្ជាក់ពី ជំហរត្រៀមខ្លួនជាស្រេចរបស់រុស្ស៊ី ក្នុងការជួយបណ្តុះបណ្តាលកងទ័ពកម្ពុជា ដោយផ្អែកលើបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួនក្នុងវិស័យយោធា និងបច្ចេកទេសរថក្រោះ។

ជំនួបការទូតយោធានាពេលនេះ គឺជាសក្ខីភាពយ៉ាងសំខាន់ក្នុងការបង្ហាញពីស្មារតីរួម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា និងរុស្ស៊ី ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ