National
• 1 hour ago• Lim_Rothanaksambath
កម្ពុជាបន្តលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីស្ត្រីក្នុងវិស័យសន្តិភាព និងសន្តិសុខ ខណៈកងកម្លាំងស្ត្រីជាង ១.០០០ នាក់បានចូលរួមបេសកម្ម អ.ស.ប.

ភ្នំពេញ, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា បានបន្តបញ្ជាក់យ៉ាងមុតមាំអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនតួនាទីរបស់ស្ត្រីក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខសកល នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN Security Council) ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» (Women, Peace and Security - WPS) នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវបានដឹកនាំដោយ ឯកឧត្តម George Gerapetritis រដ្ឋមន្ត្រីការបរទេសក្រិក ក្នុងនាមជាប្រធានឆ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ប្រចាំខែតុលា ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ផ្លូវការក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ឯកឧត្តមតំណាងអចិន្ត្រៃយ៍រង បានសង្កត់ធ្ងន់ថា ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញឱ្យស្ត្រីមានការចូលរួមពេញលេញ ប្រកបដោយបរិយាប័ន្ន គឺជាកត្តាស្នូលដែលមិនអាចខ្វះបានក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ការអភិវឌ្ឍផ្នែកនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nationsទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីសមិទ្ធផល និងភាគទានដ៏លេចធ្លោរបស់កម្ពុជាក្នុងសហគមន៍អន្តរជាតិ ដោយកម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាព ទៅជាប្រទេសគំរូមួយដែលបាន បញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង ១០,០០០ នាក់ ទៅចូលរួមក្នុងបេសកកម្មចំនួន ១២ របស់អង្គការសហប្រជាជាតិ។
ក្នុងនោះ ចំនួនកងកម្លាំងរក្សាសន្តិភាពជានារីមានរហូតដល់ជាង ១,០០០ នាក់ ដែលជាអត្រាភាគរយខ្ពស់មួយ និងត្រូវបានទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អង្គការសហប្រជាជាតិ លើភាពក្លាហាន និងជំនាញវិជ្ជាជីវៈក្នុងការចូលរួមថែរក្សាសន្តិភាព និងការងារមនុស្សធម៌នៅលើឆាកអន្តរជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

