National
• 1 hour ago• Lim_Rothanaksambath
គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយ និងចុះបញ្ជីស្តង់ដារហាឡាល នៅខេត្តសៀមរាប

ភ្នំពេញ, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៖ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំ «យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា» កាលពីថ្ងទី២៧ ខែតុលា កន្លងទៅ ស្ថិតនៅទឹកដីខេត្តសៀមរាប។
ពិធីបើកយុទ្ធនាការដ៏មានសារសំខាន់នេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. និងឯកឧត្តម អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប មន្ទីរ-អង្គភាពជុំវិញខេត្ត គណៈអ៊ីមាំខេត្ត សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ សហគ្រិនស្ត្រី សមាគមសហគ្រិនវ័យក្មេង ធុរជន និងសិស្សសាលាបង្រៀនធ្វើម្ហូបអាហារជាច្រើនរូប។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerceថ្លែងក្នុងឱកាសនោះ ឯកឧត្តម កៅ អ៉ីមរ៉ន បានគូសបញ្ជាក់ថា យុទ្ធនាការនេះគឺជាគំនិតផ្តួចផ្តើមដ៏មានសារសំខាន់របស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដោយផ្តោតលើគោលបំណងស្នូលចំនួន ៣៖
១. ការផ្សព្វផ្សាយប្រកាសលេខ ០៧០ ព.ណ ន.ហឡ. ប្រក. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលត្រូវបានកែសម្រួលថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគន្លឹះ និងការអនុញ្ញាតឱ្យពង្រីកបញ្ជីផលិតផលកាន់តែទូលំទូលាយ។
២. បង្កើនការបញ្ជ្រាបការយល់ដឹង ដល់សាធារណជន និងសហគ្រិន អំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍របស់របរប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជាស្របតាមស្តង់ដារ។
៣. ផ្សព្វផ្សាយវិធានការច្បាប់ និងបទប្បញ្ញត្តិ ចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាឡាលដោយគ្មានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា នេះ ត្រូវបានគ្រោងទុកដំណើរការរយៈពេលវែង ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៦។ យុទ្ធនាការនេះបានចាប់ផ្តើមចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងកំពុងបន្តពង្រីកខ្លួនទៅកាន់ខេត្តគោលដៅសំខាន់ៗផ្សេងទៀត រួមមាន ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងខេត្តព្រះសីហនុ។
ក្នុងកិច្ចដំណើរការយុទ្ធនាការនៅតាមបណ្តាខេត្តនានា ក៏មានរៀបចំជា បញ្ជរផ្តល់ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំផ្ទាល់ ជូនដល់សហគ្រិន និងម្ចាស់អាជីវកម្មនៅនឹងកន្លែងផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



