National

• 1 hour ago• Lim_Rothanaksambath

រយៈពេល ១១ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៥៤០ នាក់ សរុប ២២ សញ្ជាតិ ចេញពីកម្ពុជា

រយៈពេល ១១ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៥៤០ នាក់ សរុប ២២ សញ្ជាតិ ចេញពីកម្ពុជា


ភ្នំពេញ, ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ អាជ្ញាធរកម្ពុជាបានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៥៤០ នាក់ ក្នុងនោះ ស្រី ១១៥ នាក់ មកពី ២២ សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១១ ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ប្រតិបត្តិការបណ្ដេញចេញជាបន្តបន្ទាប់នេះ ត្រូវអនុវត្តឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានប្រគល់ភារកិច្ចជូននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។

ជនបរទេសដែលត្រូវបណ្ដេញចេញទាំង ២២ សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី, វៀតណាម, ចិន, ហ្វីលីពីន, ថៃ, ប៉ាគីស្ថាន, នីហ្សេរីយ៉ា, បង់ក្លាដេស, កូរ៉េ, កាមេរូន, ចិនតៃវ៉ាន់, យ៉ូហ្គង់ដា, រុស្ស៊ី, អង់គ្លេស, ម៉ាឡេស៊ី, លីប៊េរីយ៉ា, សេរ៉ាឡេអូន, ឡាវ, ឥណ្ឌា, កាហ្សាក់ស្ថាន, ហ្គាណា និងអ៊ូបេគីស្ថាន។

Inline image
បរទេសខុសច្បាប់សរុបចំនួន ៥៤០ នាក់ បានប្រព្រឹត្តិបទល្មើសផ្សេងៗគ្នា រួមមាន៖
• ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៖ ជនជាតិឥណ្ឌូនេស៊ី ចំនួន ១៤៤ នាក់ (ស្រី ១៦ នាក់) ត្រូវបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និង ជនជាតិវៀតណាម ចំនួន ៣៦ នាក់ (ស្រី ១២ នាក់) ត្រូវបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

• បទល្មើសផ្សេងៗទៀត៖ ជនបរទេសសេសសល់ ត្រូវបានរកឃើញថាបានប្រព្រឹត្តបទល្មើសជាច្រើនដូចជា៖ ការលួចឆ្លងដែនខុសច្បាប់, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ត្រូវបានបណ្ដេញចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ។

ប្រតិបត្តិការបណ្ដេញចេញយ៉ាងធ្ងន់ធ្ងរនេះ គឺជាការស្តែងឱ្យឃើញពីការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្លាប់បានបញ្ជាក់ជំហរឥតកែប្រែថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។

ផ្អែកលើស្មារតីនេះ កម្លាំងសមត្ថកិច្ចកម្ពុជាកំពុងបន្តបង្កើនសកម្មភាពស្រាវជ្រាវ ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង លុបបំបាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3