National
• 1 hour ago• Lim_Rothanaksambath
ក្រសួងបរិស្ថាន ប្រគល់ធុងសំរាមជាង ២ ៦០០ ធុង ជូនមន្ទីរអប់រំខេត្តបាត់ដំបង ដើម្បីជំរុញចលនា «ភាពស្អាត» ពីសាលារៀនទៅសហគមន៍

ភ្នំពេញ, ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន និងការរស់នៅស្អាត ក្រសួងបរិស្ថាន បានប្រគល់ធុងសំរាមសរុបចំនួន ២ ៦៨២ ធុង ជូនទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ យុទ្ធនាការចែកចាយសម្ភារៈអនាម័យខ្នាតធំនេះ ធ្វើឡើងដើម្បីចូលរួមជំរុញការកសាងផ្នត់គំនិត «ភាពស្អាត» ដោយចាប់ផ្តើមចេញពីបរិវេណសាលារៀន ឆ្ពោះទៅកាន់សហគមន៍មូលដ្ឋានទូទាំងខេត្ត។
ពិធីប្រគល់ និងទទួលសម្ភារៈអនាម័យនាពេលនេះ ត្រូវ បានអនុវត្តឡើងស្របតាមស្មារតីនៃ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការលើកកម្ពស់អនាម័យបរិស្ថាននៅតាមសាលារៀន ដែលត្រូវបានចុះហត្ថលេខារវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ដើម្បីធានាថា ធុងសំរាមទាំង ២ ៦៨២ ធុង ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ក្រសួងបរិស្ថាន និងមន្ទីរអប់រំខេត្តបាត់ដំបង បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖
១. ការបែងចែកប្រកបដោយសមធម៌៖ ធុងសំរាមទាំងនោះ នឹងត្រូវចែកចាយបន្តទៅកាន់សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នានាក្នុងខេត្តបាត់ដំបង ដោយផ្អែកលើតម្រូវការជាក់ស្តែង និងធានានូវភាពស្មើគ្នា។
២. ការបណ្តុះបំណិន និងការបែកចែកសំណល់៖ ធុងសំរាមទាំងនេះ មិនត្រឹមតែជាឧបករណ៍សម្រាប់ចោលសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍អប់រំជាក់ស្តែង ក្នុងការបណ្តុះទម្លាប់សិស្សានុសិស្សឱ្យចេះបែងចែកប្រភេទសំណល់ជា ៣ ផ្នែកច្បាស់លាស់ (សំណល់សរីរាង្គ សំណល់ប្លាស្ទិក និងសំណល់ដែលអាចកែច្នៃបាន) ដែលជាគ្រឹះស្មារតីនៃការស្រឡាញ់បរិស្ថានតាំងពីវ័យកុមារ។
៣. ការផ្សារភ្ជាប់ឥទ្ធិពលពីសាលារៀនទៅសហគមន៍៖ នៅពេលសាលារៀនមានអនាម័យ និងសណ្តាប់ធ្នាប់ល្អ វានឹងក្លាយជាគំរូជាក់ស្តែងសម្រាប់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការចូលរួមសម្អាតអនាម័យនៅតាមគេហដ្ឋាន និងទីសាធារណៈផងដែរ។
យុទ្ធនាការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការគាំទ្រយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការបង្កើតបរិស្ថានបៃតងប្រកបដោយចីរភាពនៅកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



