National
• 1 hour ago• Lim_Rothanaksambath
កម្លាំងចម្រុះខេត្តកំពង់ធំ រឹបអូសកាណូតនេសាទលៀសខុសច្បាប់ ៦គ្រឿង និងចាក់លៀសជាង ៣តោន ចូលក្នុងបឹងទន្លេសាបវិញ

ភ្នំពេញ, ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ កងកម្លាំងចម្រុះខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងតឹងរឹង ដោយបានរឹបអូសកាណូតម៉ាស៊ីនចំនួន ៦ គ្រឿង និងលៀសខុសច្បាប់ប្រមាណ ជាង ៣តោន យកទៅចាក់ព្រលែងចូលក្នុងបឹងទន្លេសាបវិញ នៅឯតំបន់អភិរក្សបាឡត ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៤ និង ៣០ នាទីទាបភ្លឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឧត្តមសេនីយ៍ទោស សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងជាសមាជិកគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និង លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង។
ក្នុងកិច្ចប្រតិបត្តិការនោះ កងកម្លាំងចម្រុះបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ២៧ នាក់ ដែលធ្វើដំណើរមកពីឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង រួមទាំងវត្ថុតាងកាណូតនេសាទខុសច្បាប់ចំនួន ៦ គ្រឿង និងឧបករណ៍កញ្ច្រែងនេសាទលៀសចំនួនមួយចំនួន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Armyក្រោយពីការសាកសួរ និងធ្វើកំណត់ហេតុរួចរាល់ អាជ្ញាធរបានអនុវត្តតាមនីតិវិធីមនុស្សធម៌ និងរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំង ២៧ នាក់ ព្រមទាំងក្រុមគ្រួសារបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ចំពោះ លៀសខុសច្បាប់ប្រមាណជាង ៣ តោន ត្រូវបានកងកម្លាំងចម្រុះដឹកយកទៅចាក់ព្រលែងបញ្ចូលក្នុងបឹងទន្លេសាបវិញភ្លាមៗ ដើម្បីរក្សាចីរភាពធនធានមច្ឆជាតិ។ ដោយឡែក វត្ថុតាងកាណូតទាំង ៦ គ្រឿង និងឧបករណ៍នេសាទ ត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ដើម្បីចាត់ការបន្តតាមច្បាប់ស្តីពីជលផល។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំងចម្រុះទាំងអស់ ដែលបានចុះអនុវត្តការងារយ៉ាងសកម្មដើម្បីការពារធនធានធម្មជាតិ និងមច្ឆជាតិសម្រាប់កូនចៅជំនាន់ក្រោយ។
លោកមេបញ្ជាការ បានបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ឱ្យបន្តសហការគ្នាចុះល្បាត និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ «ឱ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិនានារបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការការពារបឹងទន្លេសាប៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



