National

• 1 hour ago• Lim_Rothanaksambath

រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន អនុម័តផែនការសកម្មភាពមីន ៣ឆ្នាំ ឆ្លើយតបហានិភ័យចាស់-ថ្មី និងការពារតំបន់ធម្មជាតិ

រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន អនុម័តផែនការសកម្មភាពមីន ៣ឆ្នាំ ឆ្លើយតបហានិភ័យចាស់-ថ្មី និងការពារតំបន់ធម្មជាតិ


ភ្នំពេញ, ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAC) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh។

កិច្ចប្រជុំកម្រិតខ្ពស់នេះ ប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ៖ ការអំពាវនាវឱ្យមានសកម្មភាពជាសកល» ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន និងវិស័យឯកជនយ៉ាងច្រើនកុះករ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ដោយបានរំដោះផ្ទៃដីប្រមាណជាង ៣.៦០០ គីឡូម៉ែត្រក្រឡា ចេញពីការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រកបរបរកសិកម្ម។

ទោះជាយ៉ាងណា កម្ពុជាបច្ចុប្បន្នកំពុងប្រឈមមុខនឹង «បន្ទុកពីរលើដែនដីតែមួយ» គឺយុទ្ធភណ្ឌគ្រឿងផ្ទុះចាស់ពីអតីតកាលដែលនៅសេសសល់ប្រមាណ ១.៦៨៩ គីឡូម៉ែត្រក្រឡា និងការគំរាមកំហែងថ្មីពីគ្រាប់បែកចង្កោមក្នុងខេត្តចំនួន ៧ ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥។ តាមលទ្ធផលនៃការអង្កេតបឋម ផ្ទៃដីរងផលប៉ះពាល់ថ្មីនេះមានទំហំធំជាងផ្ទៃដីចាស់ដែលនៅសេសសល់ពីសង្គ្រាមជាង ៣ ទសវត្សរ៍ទៅទៀត។ ឆ្លើយតបនឹងស្ថានភាពនេះ ឯកឧត្តម លី ធុជ បានដាក់ចេញនូវសំណើអាទិភាពចំនួន ៣ រួមមាន៖

Inline image
១. ពង្រឹងការអង្កេត និងវាយតម្លៃផលប៉ះពាល់ថ្មី៖ កំណត់ទំហំ ទីតាំង និងបង្កើនការអប់រំកាត់បន្ថយហានិភ័យនៅតាមបណ្តាខេត្តជាប់ព្រំដែន។
២. បន្តគាំទ្រការបោសសម្អាតដីចាស់៖ បន្តថវិកានិងបច្ចេកទេសបោសសម្អាតដីប្រមាណ ១.៦៨៩ គីឡូម៉ែត្រក្រឡាដែលនៅសេសសល់។
៣. ពង្រីកធនធាន និងការចូលរួមពីវិស័យឯកជន៖ ជំរុញការចូលរួមពីវិស័យឯកជនក្នុងស្រុក ដើមឡើយដើម្បីប្រែក្លាយដីរំដោះរួចឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ការវិនិយោគ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តប្រែក្លាយអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រសួងបរិស្ថាន និងអាជ្ញាធរមីន ឱ្យទៅជាសកម្មភាពជាក់ស្តែង តាមរយៈការកំណត់អត្តសញ្ញាណតំបន់ការពារធម្មជាតិដែលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាពជូនមន្ត្រីឧទ្យាននុរក្ស និងសហគមន៍មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យប្រតិបត្តិករសកម្មភាពមីន ត្រូវបញ្ចូលវិធានការការពារបរិស្ថានទៅក្នុងស្តង់ដារប្រតិបត្តិការបោសសម្អាតដីធ្លីផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសង្កត់ធ្ងន់លើការបន្តពង្រឹងសមត្ថភាពបច្ចេកទេស និងការអង្កេតវាយតម្លៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំបានអនុម័ត និងបង្ហាញនូវ ផែនការអនុវត្តរយៈពេល ៣ ឆ្នាំ (២០២៦-២០២៨) នៃគោលនយោបាយជាតិសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលកំណត់នូវកាលវិភាគ សកម្មភាព និងសូចនាករច្បាស់លាស់។ ដៃគូអភិវឌ្ឍន៍ និងសហគមន៍ផ្តល់ជំនួយអន្តរជាតិ បានសម្តែងការកោតសរសើរ និងអបអរសាទរយ៉ាងខ្លាំងចំពោះចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ព្រមទាំងប្រកាសបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅរំដោះដែនដីឱ្យមានសុវត្ថិភាពជូនប្រជាពលរដ្ឋជាស្ថាពរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2