National

• 2 hours ago• Lim_Rothanaksambath

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់ «និយាមជាតិ និងសៀវភៅមគ្គុទ្ទេសក៍គ្រប់គ្រង ពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូន» ដើម្បីការពារស្ត្រី

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់ «និយាមជាតិ និងសៀវភៅមគ្គុទ្ទេសក៍គ្រប់គ្រង ពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូន» ដើម្បីការពារស្ត្រី
ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «និយាមជាតិ ស្តីពីនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្ត HPV និងសៀវភៅមគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រងការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន» កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

សិក្ខាសាលាថ្នាក់ជាតិនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ២៤២ រូប។

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំងឺមហារីកមាត់ស្បូន (Cervical Cancer) គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ប៉ុន្តែជំងឺនេះ អាចកាត់បន្ថយហានិភ័យ និងបង្ការបាន តាមរយៈការចាក់វ៉ាក់សាំងបង្ការវីរុស HPV (Human Papillomavirus) ការពិនិត្យស្កែនរកជំងឺឱ្យបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការផ្តល់ការព្យាបាលសមស្រប។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
សៀវភៅមគ្គុទ្ទេសក៍ដែលបានដាក់ចេញនាពេលនេះ នឹងក្លាយជាឯកសារបច្ចេកទេសដ៏មានសារៈសំខាន់ ក្នុងការគាំទ្រដល់ការបម្រើសេវាប្រកបដោយស្តង់ដារ សុវត្ថិភាព គុណភាព និងសមធម៌ជូនស្ត្រីគ្រប់រូប។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អង្គសិក្ខាសាលានូវចំណុចគន្លឹះចំនួន ៤ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត រួមមាន៖

១. អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារតែមួយ (SOP)៖ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តនីតិវិធីប្រតិបត្តិឱ្យបានត្រឹមត្រូវ និងស៊ីសង្វាក់គ្នា ដើម្បីកាត់បន្ថយភាពខុសគ្នានៃការបម្រើសេវា និងបង្កើនទំនុកចិត្តលើលទ្ធផលតេស្ត។
២. ពង្រឹងសមត្ថភាពបច្ចេកទេស៖ ធានាថា ស្ត្រីដែលទទួលបានលទ្ធផលតេស្ត HPV វិជ្ជមាន ទទួលបានការវាយតម្លៃស្ថានភាព និងវិធីសាស្ត្រព្យាបាលសមស្របប្រកបដោយសុវត្ថិភាព។
៣. ធានានិរន្តរភាព និងប្រព័ន្ធបញ្ជូនអ្នកជំងឺ (Referral System)៖ ពង្រឹងការបញ្ជូនអ្នកជំងឺពីមណ្ឌលសុខភាពទៅកាន់មន្ទីរពេទ្យដែលមានសមត្ថភាពខ្ពស់ជាង ដោយមិនទុកឱ្យអ្នកជំងឺបាត់បង់ពីប្រព័ន្ធតាមដានឡើយ។
៤. ពង្រឹងការសម្របសម្រួល និងការត្រួតពិនិត្យជាប្រចាំ៖ មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងមណ្ឌលសុខភាព ត្រូវរៀបចំផែនការផ្សព្វផ្សាយ អនុវត្តការពិគ្រោះយោបល់ដោយគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងរក្សាការសម្ងាត់ជូនអ្នកជំងឺ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះមន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការ ទាំងផ្នែកបច្ចេកទេស និងធនធាន ដើម្បីរួមចំណែកលុបបំបាត់ជំងឺមហារីកមាត់ស្បូននៅកម្ពុជាឱ្យមានចីរភាព៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3