National
• 1 hour ago• Lim_Rothanaksambath
ជនជាតិឥណ្ឌូនេស៊ី ២១នាក់ត្រូវបណ្តេញចេញពីកម្ពុជា ខណៈក្រសួងមហាផ្ទៃបន្តតាមដានវឌ្ឍនភាពការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសអន្តោប្រវេសន៍ និងបទល្មើសបច្ចេកវិទ្យា ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្រេចបណ្ដេញជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ២១ នាក់ (ស្រី ០៤ នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលដែលក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជិតស្និទ្ធជាមួយ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ីទាំង ២១ នាក់ ដែលពាក់ព័ន្ធនឹងករណីលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ប្រតិបត្តិការនេះ គឺជាការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ជំហរច្បាស់ៗថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ដោយសមត្ថកិច្ចត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង។
ស្របពេលជាមួយគ្នានេះ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ផ្ទាល់នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធវីដេអូ Zoom។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration – GDI និង Sar Sokhaកិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវបង្ក្រាបដល់មេខ្លោង ការជួយសង្គ្រោះជនរងគ្រោះ និងការដាក់ចេញនូវទិសដៅការងារបន្ត ដើមឡើយដើម្បីលុបបំបាត់បទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ បង្កើនទំនុកចិត្ត និងការពារកិត្តិយសជាតិលើឆាកអន្តរជាតិ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពនេះ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ព្រមទាំងលោកប្រធាន អនុប្រធាននាយកដ្ឋាន និងមានការចូលរួមតាមប្រព័ន្ធ Zoom ពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត រួមទាំងក្រុមការងារដែលពាក់ព័ន្ធផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



