National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និងសហរដ្ឋអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ

ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ត្រីជំនាញនៃរដ្ឋបាលអាមេរិក ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការកំណត់អត្តសញ្ញាណ និងការផ្តល់សេវាគាំពារដល់ជនរងគ្រោះដោយសារការជួញដូរមនុស្ស និងបទល្មើសឆបោក។
កិច្ចប្រជុំជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ស.អ.យ. ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងត្រូវបានដឹកនាំដោយ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួង ស.អ.យ. ជាមួយតំណាងមន្ត្រីការិយាល័យកម្មវិធីតាមដាន និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (Office to Monitor and Combat Trafficking in Persons - J/TIP) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានគាំពារជនរងគ្រោះជាច្រើនរូប។
ជំនួបពិភាក្សាការងារអន្តរជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន និងស្វែងយល់បន្ថែមលើចំណុចអាទិភាពចំនួន ២ គឺ៖ ទី១. វឌ្ឍនភាព និងបញ្ហាប្រឈមនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយផ្តោតលើការពិនិត្យមើលនីតិវិធី និងការអនុវត្តជាក់ស្តែងរបស់ក្រសួង ជាពិសេសកិច្ចអន្តរាគមន៍កំណត់អត្តសញ្ញាណជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះចេញពីទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam Centers) និងទី២. ការផ្តល់សេវា និងការស្តារនីតិសម្បទា ផ្តោតលើការពិនិត្យលើគុណភាពនៃការផ្តល់សេវាគាំពារ ជម្រកសុវត្ថិភាព ការថែទាំសុខភាព ផ្នែកផ្លូវចិត្ត និងការបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
កិច្ចសហប្រតិបត្តិការរវាងក្រសួង ស.អ.យ. និងអាជ្ញាធរអាមេរិក នាពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ និងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនរងគ្រោះ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



