National
• 2 hours ago• Lim_Rothanaksambath
សៀវភៅ «ស្នាមញញឹមខ្មែរ» ជាស្ពានវប្បធម៌ និងប្រវត្តិសាស្ត្រ នឹងត្រូវចែកចាយក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ សៀវភៅមគ្គុទ្ទេសក៍ថ្មីស្រឡាងមួយក្បាលដែលមានចំណងជើងថា «ស្នាមញញឹមខ្មែរ» (Le Sourire du peuple cambodgien) ជាភាសាខ្មែរ និងបារាំង ក៏ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សៀវភៅមគ្គុទ្ទេសក៍ពីរភាសា ខ្មែរ-បារាំង នេះ គឺជាស្នាដៃនិពន្ធចងក្រងរួមគ្នារវាងអ្នកនិពន្ធកម្ពុជា និងជនជាតិបារាំង តាមរយៈកិច្ចសហការរវាងក្រុមសារព័ត៌មានថ្មីៗ និងគ្រឹះស្ថានបោះពុម្ពផ្សាយអង្គការ Sipar ក្រោយចំណាយពេលរៀបចំជាង១ឆ្នាំមកនេះ។
សៀវភៅនេះបែងចែកជា ៣ ជំពូកធំៗ ដោយបានរំលេចយ៉ាងលម្អិតអំពីអត្តសញ្ញាណជាតិខ្មែរ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ម្ហូបអាហារ កីឡាបុរាណ ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ និងទិដ្ឋភាពនយោបាយការទូត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះធ្វើឡើងចំពេលដ៏មានសារៈសំខាន់ ខណៈកម្ពុជារៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «វាជាឱកាសដ៏មានតម្លៃដែលកម្ពុជាបង្ហាញខ្លួនទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនី និងមិត្តភក្តិអន្តរជាតិ តាមរយៈវប្បធម៌ អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា»។ ក្រសួងព័ត៌មាន ក៏នឹងមានរៀបចំចែងសៀវភៅនេះជូនដល់បណ្តាអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិក្នុងថ្ងៃបើកកិច្ចប្រជុំកំពូលផងដែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន - Ministry of Informationទាក់ទងនឹងការបោះពុម្ពសៀវភៅនេះដែរ លោក គី សុខលីម ប្រធានក្រុមអ្នកនិពន្ធ និងក៏ជាសហស្ថាបនិកសារព័ត៌មានថ្មីៗ បានបញ្ជាក់ថា សៀវភៅនេះបានលេចរូបរាងឡើងតាមរយៈការនិពន្ធចងក្រងរយៈពេលជាង១ឆ្នាំមកនេះ។ លោកបន្ដថា ក្នុងសៀវភៅក៏បានរំលេចអំពីរឿងរាវផ្សេងៗ ក្នុងនេះរួមទាំងប្រពៃណី ទំនៀមទម្លាប់ ម្ហូបអាហារកីឡាដូនតាខ្មែរ ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ រួមទាំងសេដ្ឋកិច្ច ប្រវត្តិសាស្រ្ត នយោបាយការទូតជាដើម។
លោក ប៉ាស្កាល់ មេឌីវីល( Pascal Medeville) ស្ថាបនិកក្រុមហ៊ុនបកប្រែ SIMILI និងក៏ជាអ្នកបានចូលរួមនិពន្ធសៀវភៅ ដែលជាជនជាតិបារាំង បានលើកឡើងថា សៀវភៅនេះបានរំលេចអំពីអត្តសញ្ញាណជាតិខ្មែរក្នុងនោះមានទាំងប្រាសាទ សិល្បៈវប្បធម៌ និងលក្ខណៈពិសេសជាច្រើនទៀតរបស់កម្ពុជា ដើម្បីឱ្យពិភពលោកបានស្គាល់បានឃើញ ហើយពួកគេមកលេងកម្ពុជា។ លោក ប៉ាស្កាល់ មេឌីវីល ដែលរស់នៅក្នុងប្រទេសកម្ពុជា ជាង១៧ឆ្នាំមកនេះបានឱ្យដឹងផងដែរថា សៀវភៅនេះ នឹងរម្លឹកពីអ្នកដែលនិយាយភាសាបារាំងបានឃើញ បានរម្លឹកពីកម្ពុជា។
លោក ប៉ាស្កាល់ មេឌីវីល បានបន្ថែមថា «តាមរយៈសៀវភៅនេះដែរនឹងធ្វើឱ្យពិភពលោកលែងយល់ខុសពីកម្ពុជា និងភាន់ច្រឡំមកលើកម្ពុជា ក្រោមរូបភាពផ្សេងៗទៀត ពីព្រោះតាមអ្វីដែលលោកបានឃើញគឺកម្ពុជា ស្រស់ស្អាតណាស់ ពលរដ្ឋកម្ពុជាគឺល្អខ្លាំងណាស់»។
ចំណែកលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានឱ្យដឹងដែរថា អង្គការរបស់លោកបានជួយផ្នែកបច្ចេកទេសក្នុងការបោះពុម្ភសំដៅយ៉ាងណាលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ លោកបានបន្ដថា សៀវភៅមួយក្បាលនេះ សម្រាប់ការផ្សព្វផ្សាយក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងធ្វើឱ្យគេស្គាល់ កម្ពុជា កាន់តែច្បាស់លាស់ថែមទៀត។
សូមជម្រាបថា សម្រាប់ការបោះពុម្ពលើកដំបូង សៀវភៅ «ស្នាមញញឹមខ្មែរ» ត្រូវបានបោះពុម្ពចំនួន ៣.០០០ ក្បាល ដោយនឹងត្រូវចែកចាយក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ព្រមទាំងមានដាក់តម្កល់តាមបណ្តាល័យ និងដាក់លក់លើទីផ្សារក្នុងតម្លៃ ៥ ដុល្លារអាមេរិក ក្នុងមួយក្បាល ដើម្បីបើកទ្វារស្វាគមន៍ និងផ្តល់ឱកាសឱ្យសាធារណជនទូទៅបានស្វែងយល់ពីអត្តសញ្ញាណជាតិខ្មែរយ៉ាងស៊ីជម្រៅ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network


