National

• 2 hours ago• Lim_Rothanaksambath

សម្តេចធិបតី ចាត់វិធានការឱ្យក្រសួងអប់រំរឹតបន្តឹងវិន័យ ប្រមូលទូរសព្ទដៃពីសិស្សក្នុងម៉ោងរៀន និងជំរុញឱ្យមានតុល្យភាពរវាងឌីជីថល និងសៀវភៅ

សម្តេចធិបតី ចាត់វិធានការឱ្យក្រសួងអប់រំរឹតបន្តឹងវិន័យ ប្រមូលទូរសព្ទដៃពីសិស្សក្នុងម៉ោងរៀន និងជំរុញឱ្យមានតុល្យភាពរវាងឌីជីថល និងសៀវភៅ


ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគ និងការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដោយក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ឱ្យនាយកសាលា និងគ្រូបង្រៀនទាំងអស់ ប្រមូលទូរសព្ទដៃពីសិស្សានុសិស្សក្នុងម៉ោងសិក្សា ដើម្បីទប់ស្កាត់ការលេងទូរសព្ទខុសគោលដៅ និងធានាឱ្យសិស្សផ្ដោតអារម្មណ៍លើការសិក្សារៀនសូត្រ។

នេះបើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ ខ្នង ស្មើនឹង ៥៥ បន្ទប់ ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា ដែលមានទីតាំងស្ថិតនៅវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

នៅចំពោះមុខលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សរាប់ពាន់នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការស្រាវជ្រាវ និងការរកឃើញជាក់ស្តែង ការប្រើប្រាស់ទូរសព្ទក្នុងម៉ោងសិក្សា ដូចជា ការលេងបណ្តាញសង្គម TikTok និងលេងហ្គេម ជាដើម បានបង្កការរំខានយ៉ាងខ្លាំងដល់ការសិក្សារបស់សិស្សដែលប្រឹងប្រែងរៀនសូត្រ ធ្វើឱ្យពិបាកផ្ដោតអារម្មណ៍ បង្កជាបញ្ហាលួចចម្លងក្នុងពេលប្រឡង និងជាពិសេស គឺការបាត់បង់ទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តភក្តិ ព្រមទាំងបង្កើតគម្លាតសង្គមក្នុងវ័យកុមារភាព។

សម្តេចធិបតី បានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីធានាថា ចាប់ពីឆ្នាំសិក្សា ២០២៦-២០២៧ នេះតទៅ សាលារៀនរដ្ឋទូទាំងប្រទេស នឹងគ្មានថ្នាក់រៀនណាដែលអនុញ្ញាតឱ្យសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូបង្រៀនឡើយ លើកលែងតែម៉ោងសិក្សាស្រាវជ្រាវ ដែលទាមទារការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះ។

សម្តេចធិបតី បានមានប្រសាសន៍ថា «ការរៀន ទូរសព្ទមកចុះ តែបិទដាក់ក្នុងប្រអប់ កុំប្រើវា មុនចូល ដល់ម៉ោងចេញលេងទៅយកទៅ ឬសាលាខ្លះថា មិនចាំបាច់ទេ ម៉ោងចូល និងម៉ោងចេញ មិនចាំបាច់ប្រើ ម៉ោងចេញលេងមិនចាំបាច់ប្រើទេ ទុកឱ្យសិស្សលេងជាមួយគ្នាដូចកាលពីមុនទៅ ព្រោះឥឡូវចេញប្រើទូរសព្ទ អត់និយាយគ្នាទេ។ ... ក្រសួងយើងបានដើរ ២ឆ្នាំហើយ តែការអនុវត្តនៅមិនទាន់បាននៅឡើយ ខ្ញុំសង្ឃឹមថា ឆ្នាំ ២០២៦-២០២៧ នេះ យើងនឹងឈានទៅដល់សាលាទូទាំងប្រទេស ជាពិសេសសាលារដ្ឋ សាលាឯកជន គឺថ្នាក់រៀនណាដែលសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀនដោយគ្មានការអនុញ្ញាតពីគ្រូបង្រៀន ខ្ញុំសូមឱ្យដាក់ទិសដៅនេះតែម្តង លើកលែងតែម៉ោងរៀនដែលគ្រូអនុញ្ញាតឱ្យប្រើ research ក្រោពីនេះខ្ញុំសុំឱ្យដាច់តែម្តង»។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia

សម្តេចបានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានបណ្តាប្រទេសជាង ១០០ ជុំវិញពិភពលោក ដូចជា សិង្ហបុរី ចិន អាមេរិក និងបារាំង ជាដើម បានដាក់ចេញនូវវិធានការហាមឃាត់ការប្រើប្រាស់ទូរសព្ទក្នុងថ្នាក់រៀនរួចមកហើយដែរ។

បន្ថែមពីលើ ការជំរុញវិន័យ និងការប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីតុល្យភាពរវាងការបង្រៀនតាមប្រព័ន្ធឌីជីថល និងការអានសៀវភៅបែបបុរាណ ដោយសម្តេចបានគូសបញ្ជាក់ថា ការបង្រៀនតាមឌីជីថលមានភាពទំនើបល្អ ប៉ុន្តែកុំបោះបង់សៀវភៅ។

សម្តេចធិបតី បានមានប្រសាសន៍ថា «បញ្ហាប្រើអ្វី ប្រើឌីជីថលទាំងអស់។ សិស្ស ទី១ ខ្សោយធ្លាក់ការអាន បើអ្នកអានសៀវភៅ និងអ្នកអានលើអ៊ីនធឺណិត អានសៀវភៅយើងផ្ចិតផ្ចង់លើក្រដាស អ្នកអានកាសែតក៏ដូចគ្នា យើងផ្ចិតផ្ចង់! តែលើអ៊ីនធឺណិត យើងមើលតែបន្តិច scroll (អូសរំលង) រំលងច្រើន។ .. ទី២ អានលើអ៊ីនធឺណិត វាប៉ះពាល់ភ្នែកផង វាប៉ះពាល់ការចង់ចាំ។ គេឃើញពេលប្រើប្រាស់បែបនេះយូរទៅ សិស្ស អំណានក៏ធ្លាក់ចុះ កម្រិតការស្រាវជ្រាវក៏ធ្លាក់ចុះ! ប្រើឌីជីថល សិស្សអត់ចាប់អារម្មណ៍ទេ បើយើងអាចសៀវភៅ ឱ្យមួយម៉ោងអាន ១០សន្លឹក យើងផ្តោតលើ ១០សន្លឹក តែបើឱ្យក្មេងកាន់ទូរសព្ទ អានអត្ថបទ ១០សន្លឹក មួយបានតែ ១សន្លឹក បើកមើលអ្វីផ្សេង។ ជួនកាលមើលអាហ្នឹង ឃើញពាក្យនិងចូល google search មើលបន្ត អត់ចប់ទេ ១០សន្លឹកហ្នឹង។ ការផ្តោតអារម្មណ៍ វាថយ! .. សិស្សចាប់ផ្តើមខ្សោយខាងស្រាវជ្រាវ គេមើលសៀវភៅ គេស្រាវជ្រាវ ឥឡូវ AI ស្រាវជ្រាវទាំងអស់»។

សម្តេចបានលើកយកបទពិសោធន៍ពីបណ្តាប្រទេសរីកចម្រើនមួយចំនួនដូចជា ប្រទេសដាណឺម៉ាក ស៊ុយអែត និងបណ្តាប្រទេសដទៃទៀត ដែលបានកែប្រែទម្រង់ពីការប្រើប្រាស់ថ្នាក់រៀនឌីជីថលសុទ្ធសាធ ឱ្យងាកមកបញ្ចូលការប្រើប្រាស់សៀវភៅឡើងវិញ បន្ទាប់ពីការសិក្សាស្រាវជ្រាវបានបង្ហាញថា ការពឹងផ្អែកលើប្រព័ន្ធឌីជីថលទាំងស្រុងបានធ្វើឱ្យកម្រិតនៃការសិក្សារបស់សិស្សមានភាពថយចុះ។ ដូច្នេះ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងការកាន់សៀវភៅអានផ្ទាល់ដៃ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធានាគុណភាពអប់រំ និងការចងចាំដ៏រឹងមាំរបស់សិស្សានុសិស្សកម្ពុជា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3