National
• 5 hours ago• Lim_Rothanaksambath
ក្រុមគ្រូពេទ្យប្រចាំការតាមគោលដៅ ត្រូវបង្កើតឡើងដើម្បីធានាសុវត្ថិភាពសុខភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កំពុងពង្រឹងការត្រៀមលក្ខណៈយ៉ាងម៉ត់ចត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់សុវត្ថិភាព និងសុខភាពសាធារណៈ ក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់របស់ជាតិ ដែលកម្ពុជាទទួលបន្ទុកធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
តួយ៉ាង កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការទី៧ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងការត្រៀមរៀបចំក្រុមគ្រូពេទ្យប្រចាំការតាមគោលដៅនីមួយៗ សម្រាប់ការបម្រើការងារក្នុងឱកាស កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងជម្រាបជូនអំពីការបែងចែកគោលដៅប្រចាំការ ការកំណត់តួនាទី និងភារកិច្ចរបស់ក្រុមការងារនីមួយៗ ព្រមទាំងការត្រៀមរៀបចំឧបករណ៍ បរិក្ខារ និងសម្ភារវេជ្ជសាស្ត្រចាំបាច់។ ការរៀបចំនេះ គឺដើម្បីធានាឱ្យការផ្តល់សេវា និងការថែទាំសុខភាពជូនគណៈប្រតិភូជាន់ខ្ពស់ និងអ្នកចូលរួមទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ក្នុងនោះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលត្រូវចុះបំពេញការងារតាមគោលដៅនីមួយៗ ឱ្យយកចិត្តទុកដាក់ខ្ពស់ អនុវត្តតួនាទី និងភារកិច្ចដែលបានប្រគល់ជូនឱ្យបានត្រឹមត្រូវបំផុត។ ជាពិសេស ត្រូវពង្រឹងការប្រុងប្រយ័ត្ន ការតាមដាន និងការឆ្លើយតបចំពោះជំងឺឆ្លងនានា ដូចជា ជំងឺអេបូឡា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនលឿង ជាដើម ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពជាអតិបរមាគ្មានការរអាក់រអួល។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល, ឯកឧត្តមវេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ, ព្រមទាំងលោក លោកស្រីជាគ្រូពេទ្យតំណាងឱ្យមន្ទីរពេទ្យជាតិធំៗ រួមមាន៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យជាតិព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



