National

• 4 hours ago• Lim_Rothanaksambath

បញ្ជាការដ្ឋានកាំភ្លើងធំ បើកវគ្គបណ្តុះបណ្តាលជំនាញប្រយុទ្ធ និងរឹតបន្តឹងវិន័យគ្មានគ្រឿងញៀន

បញ្ជាការដ្ឋានកាំភ្លើងធំ បើកវគ្គបណ្តុះបណ្តាលជំនាញប្រយុទ្ធ និងរឹតបន្តឹងវិន័យគ្មានគ្រឿងញៀន


ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើម្បីកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព និងបង្កើនសក្តានុពលការពារជាតិ បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកាំភ្លើងធំ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ក្នុងខេត្តកំពង់ឆ្នាំង។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ដោយមានការចូលរួមពីសំណាក់នាយទាហាន នាយទាហានរង និងសិក្ខាកាមជាច្រើនរូប។

ថ្លែងក្នុងឱកាសសំណេះសំណាល ឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនដែលបានដំណើរការនាពេលនេះ ពិតជាមានសារៈសំខាន់ជាសារវន្តក្នុងការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងបម្រើឱ្យសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ បម្រើឱ្យការងារប្រយុទ្ធស្របតាមលក្ខណៈបច្ចេកទេស សំដៅលើកកម្ពស់សមត្ថភាពឱ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការចូលរួមការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃជាតិមាតុភូមិ។

ក្នុងស្មារតីពង្រឹងគុណភាពអប់រំយោធា ឧត្តមសេនីយ៍ឯក ពៅ សុខា បានផ្តល់នូវបទពិសោធន៍ និងគោលការណ៍គ្រឹះសំខាន់ៗចំនួន ២ សម្រាប់ទាហាន គឺ៖ ស្មារតីចែករំលែក «អ្នកចេះច្រើនត្រូវបង្រៀនអ្នកចេះតិច, អ្នកចេះតិចត្រូវបង្រៀនអ្នកមិនចេះសោះ» និង គោលបំណងនៃការសិក្សា «យើងទាំងអស់គ្នាហ្វឹកហ្វឺនមិនមែនដើម្បីហ្វឹកហ្វឺននោះទេ គឺហ្វឹកហ្វឺនដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ យកទៅបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ»។

ឯកឧត្តមមេបញ្ជាការ បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំហ្វឹកហាត់រៀនសូត្ររហូតដល់ចប់វគ្គ ដោយទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមបានរំលឹក និងតម្រូវឱ្យកងទ័ពទាំងអស់ រក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ គោរពវិន័យរបស់វគ្គហ្វឹកហ្វឺន និងជាពិសេស ត្រូវប្តេជ្ញាចិត្តដាច់ខាតចៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន គ្រប់ទម្រង់ទាំងអស់៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3