National

• 4 hours ago• Lim_Rothanaksambath

រដ្ឋមន្ត្រីត្រីភាគី កម្ពុជា-វៀតណាម-ឡាវ ពួតដៃគ្នាពង្រឹងរបាំងការពារគ្រឿងញៀនតាមព្រំដែន ដើម្បីប្រយោជន៍រួមរបស់ប្រជាជន

រដ្ឋមន្ត្រីត្រីភាគី កម្ពុជា-វៀតណាម-ឡាវ ពួតដៃគ្នាពង្រឹងរបាំងការពារគ្រឿងញៀនតាមព្រំដែន ដើម្បីប្រយោជន៍រួមរបស់ប្រជាជន


ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ពិធីបិទកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីកម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ព្រមទាំងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំទ្វេភាគី បានប្រព្រឹត្តទៅយ៉ាងរលូន នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដឹកនាំដោយ ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាប្រធានប្រតិភូកម្ពុជា ដោយមានការចូលរួមពីតំណាងប្រតិភូជាន់ខ្ពស់នៃប្រទេសជិតខាងទាំងពីរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល ភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ដែលជាឱកាសសម្រាប់ប្រទេសទាំងបីធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវយុទ្ធសាស្ត្ររួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀង វ៉ាន់ឡុង (Nguyen Van Long) ប្រធានប្រតិភូវៀតណាម និង ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់សាវ៉ាត់ ប៊ុនលៀង (Kongsavath Bounlieng) ប្រធានប្រតិភូឡាវ បានឡើងថ្លែងសុន្ទរកថាដោយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ជាសមិទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ភាគីទាំង៣ មិនត្រឹមតែបានបិទបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីកម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ដោយជោគជ័យនោះទេ ប៉ុន្តែថែមទាំងបានរៀបចំ ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី១៩ និងកម្ពុជា-ឡាវ លើកទី១៨ ផងដែរ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugsប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugs
ជោគជ័យនៃកិច្ចប្រជុំនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាប្រពៃណីរវាងប្រទេសទាំងបី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានសន្យាបន្តរក្សានូវកិច្ចសន្ទនាជាប្រចាំ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍រួម និងភាពរីកចម្រើនរុងរឿងរបស់ប្រជាជននៃប្រទេសទាំងបី ក៏ដូចជាការធានាបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមក្នុងតំបន់ពីគ្រោះថ្នាក់នៃគ្រឿងញៀន៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3