National

• 4 hours ago• Lim_Rothanaksambath

ទប់ស្កាត់ហានិភ័យជាយថាហេតុ ក្រសួងឧស្សាហកម្ម ដាក់ចេញវិធានការទប់ទល់ផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូ លើវិស័យទឹកស្អាត

ទប់ស្កាត់ហានិភ័យជាយថាហេតុ ក្រសួងឧស្សាហកម្ម ដាក់ចេញវិធានការទប់ទល់ផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូ លើវិស័យទឹកស្អាត


ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើម្បីឆ្លើយតប និងត្រៀមលក្ខណៈជាមុនចំពោះបាតុភូតធម្មជាតិ El Niño ដែលអាចនឹងបង្កផលប៉ះពាល់ដល់ប្រភពទឹកដើម និងរបបទឹកភ្លៀងនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្កើនសកម្មភាពពង្រឹងវិធានការបច្ចេកទេស និងការសម្របសម្រួល ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

យោងតាមការបញ្ជាក់ផ្លូវការនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់មួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងរដ្ឋាករទឹកសាធារណៈ តំណាងមន្ទីរឧស្សាហកម្មរាជធានី-ខេត្ត ព្រមទាំងតំណាងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងដាក់ចេញនូវវិធានការត្រៀមឆ្លើយតបជាយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងកិច្ចសម្រួលការងាររវាងស្ថាប័នរដ្ឋ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ក្នុងការរក្សាបាននូវសមត្ថភាពផលិត និងការចែកចាយទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាព។

ផ្អែកលើការព្យាករណ៍អាកាសធាតុ បាតុភូតអែលនីញ៉ូ (El Niño) អាចបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង ការថយចុះកម្ពស់ទឹកនៅតាមប្រភពទឹកធម្មជាតិ ទន្លេ ស្ទឹង បឹងបួ និងទឹកក្រោមដី ព្រមទាំងបង្កឱ្យមានគ្រោះរាំងស្ងួត ឬកម្ដៅកើនឡើងខ្ពស់ ដែលជះឥទ្ធិពលផ្ទាល់ដល់ដំណើរការផលិត និងសេវាផ្គត់ផ្គង់ទឹកស្អាត។

ចំពោះមុខបញ្ហាប្រឈមនេះ ក្រសួង និងភាគីពាក់ព័ន្ធបានឯកភាពលើការបង្កើតយន្តការតាមដានស្ថានភាពប្រភពទឹកដើមឱ្យបានជាប់លាប់ ការរៀបចំផែនការបម្រុងថាមពល និងសារធាតុគីមីចម្រោះទឹក ព្រមទាំងការសម្របសម្រួលដោះស្រាយបញ្ហាបច្ចេកទេសជាបន្ទាន់ដល់ប្រតិបត្តិករទឹកស្អាតតាមបណ្តាខេត្ត ដើម្បីជៀសវាងការកាត់ផ្តាច់ ឬខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3