International

• 1 hour ago• Lim_Rothanaksambath

ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ ត្រូវគេចាប់ជំរិត បន្ទាប់ជិះយន្តហោះទៅថៃដើម្បីជួបសង្សារតាមអនឡាញ

ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ ត្រូវគេចាប់ជំរិត បន្ទាប់ជិះយន្តហោះទៅថៃដើម្បីជួបសង្សារតាមអនឡាញ


ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ នារីជនជាតិចិនវ័យ ២៤ឆ្នាំម្នាក់ បានរួចជីវិតពីការចាប់ជំរិត បន្ទាប់ពីនាងបានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួបមុខមិត្តប្រុសដែលខ្លួនបានស្គាល់គ្នាតាមប្រព័ន្ធអនឡាញ។

តាមប្រភពព័ត៌មានចុះផ្សាយដោយ Singapore Uncensored នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្ត្រីជនជាតិចិនរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីជួបសង្សារតាមអនឡាញ តែស្ថានភាពបានប្រែជាគួរឱ្យខ្លាច ដោយរយៈពេលមិនដល់ ១០នាទីបន្ទាប់ពីនាងបានឡើងលើរថយន្តមួយគ្រឿង ទូរសព្ទដៃរបស់នាងត្រូវបានគេរាយការណ៍ថា ត្រូវបានគេឆក់យក មុនពេលដែលនាងត្រូវគេឃាត់ខ្លួន និងនាំយកទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។

Singapore Uncensored ឱ្យដឹងទៀតថា ស្ត្រីចិនរូបនេះបានសម្រេចចិត្តលោតចេញពីលើរថយន្តខណៈដែលវាកំពុងធ្វើដំណើរ ដើម្បីសង្គ្រោះជីវិតខ្លួនឯង។ តែយ៉ាងណា ពុំមានព័ត៌មានលម្អិតថា តើនាងបានរងរបួសក្នុងពេលគេចខ្លួនឬយ៉ាងណានោះទេ។ ក្នុងនោះ អាជ្ញាធរថៃបានចាប់ខ្លួនបុរសជនជាតិថៃចំនួន ២នាក់ ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះតែមិនមានការបញ្ជាក់ថា ជនសង្ស័យជនជាតិថៃទាំង ២នាក់ដែលអាជ្ញាធរថៃមានការជាប់ពាក់ព័ន្ធជាមួយសង្សារតាមអនឡាញរបស់ស្ត្រីចិនរូបនោះឬយ៉ាងណាទេ។

ករណីនេះធ្វើឱ្យមានការពិភាក្សាវែកញែកពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេស លើហានិភ័យនៃការធ្វើដំណើរទៅក្រៅប្រទេសដើម្បីជួបមនុស្សដែលស្គាល់គ្នាដំបូងតាមអនឡាញ។ មានការលើកឡើងថា ហេតុអ្វីបានជាស្ត្រីរូបនោះទុកចិត្តអ្នកដែលនាងមិនធ្លាប់ជួបផ្ទាល់ ខណៈដែលអ្នកផ្សេងទៀតបានសម្តែងការព្រួយបារម្ភហេតុផលផ្សេងៗដែលអាចឱ្យនាងក្លាយជាចំនុចគោលដៅរបស់ជនសង្ស័យ។

ករណីនេះផងដែរ ក៏គឺជាការរំលឹកដល់អ្នកធ្វើដំណើរឱ្យមានការប្រុងប្រយ័ត្ន នៅពេលរៀបចំការជួបគ្នានៅក្រៅប្រទេសជាមួយអ្នកដែលពួកគេបានទាក់ទងគ្នាតាមអនឡាញតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការស៊ើបអង្កេត និងទំនាក់ទំនងរវាងស្ត្រីរូបនេះ និងជនសង្ស័យ នៅមិនទាន់ត្រូវបានកំណត់ឱ្យដឹងនៅឡើយទេ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក  
Singapore Uncensored - Bringing you uncensored coverage
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Singapore Uncensored - Bringing you uncensored coverage