National
• 14 minutes ago• Lim_Rothanaksambath
២ថ្ងៃទៀតដល់ថ្ងៃបញ្ចាំង លៀក លីដា ផលិតកររឿង «សោកនាដកម្មភ្នំខ្មោច» ទម្លាយសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ស្ទើរមិនអាចបន្តអាជីពជាអ្នកដឹកនាំរឿង

ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ នៅសល់រយៈពេលត្រឹមតែ ២ថ្ងៃទៀតប៉ុណ្ណោះ ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្នាតធំ រឿង «សោកនាដកម្មភ្នំខ្មោច» (Blood Border, Cambodia' second Killing flied) នឹងត្រូវដាក់ចាក់បញ្ចាំងផ្លូវការជូនមហាជនទស្សនាតាមបណ្តារោងភាពយន្តទំនើបៗទូទាំងប្រទេសកម្ពុជា ពោលគឺរឿងនេះគ្រោងនឹងចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្ញើល នៅសល់ត្រឹមតែ២ថ្ងៃទៀតដល់ថ្ងៃចាក់បញ្ចាំង លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment និងជាអ្នកដឹកនាំរឿង បែរជាចេញមុខទម្លាយសារដ៏គួរឱ្យភ្ញាក់ផ្អើល និងក្តុកក្តួលអំពីសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរក្នុងអាជីពរបស់ខ្លួន។
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លៀក លីដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំជាអ្នកដឹកនាំ និង អ្នកផលិត រឿង សោកវិនាដកម្មភ្នំខ្មោច (Blood Border, Cambodia' second Killing flied) ដែលបងប្អូនតែងហៅថា រឿងប្រវត្តិសាស្រ្ត សោកវិនាដកម្មភ្នំខ្មោច ហើយ បងប្អូនមហាជន តែងតែនិយាយមកកាន់ខ្ញុំថា " អបអរសាទរនិងមានមោទនភាព" ចំពោះការផលិតរឿងមួយនេះ។ តែពេលនេះ រឿងមួយនេះ ក្លាយទៅជាសម្ពាតផ្លូវចិត្តសម្រាប់ខ្ញុំយ៉ាងធ្ងន់ធ្ងរ និង អស់កំលាំង ស្ទើរតែមិនអាចបន្តដំណើរទៅមុខទៀតបានក្នុងអាជីពជាអ្នកដឹកនាំរឿង»។
ទន្ទឹមនឹងការលើកឡើងពីការប្រឈមមុខនឹងសម្ពាធចិត្តនេះ លោកក៏បានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងនាមជាផលិតករម្នាក់ ដែលតែងតែគោរពច្បាប់ និងការណែនាំជានិច្ច ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ និងមហាជនទាំងអស់ ដែលកន្លងមកតែងតែជួយគាំទ្រ និងយោគយល់ដល់ផលិតកម្ម LD កន្លងមក និងរំពឹងថាទស្សនិកជននឹងបន្តការគាំទ្រនៅគ្រប់កាលៈទេសៈទាំងអស់។

គួររំលឹកផងដែរថា មុនពេលជួបប្រទះនូវសម្ពាធផ្លូវចិត្តនេះ លោក លៀក លីដា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការផលិត និងផ្សព្វផ្សាយរឿង «សោកនាដកម្មភ្នំខ្មោច» ដែលជាស្នាដៃដកស្រង់ចេញពីសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួមផ្សំជាមួយរឿងរ៉ាវពិតរបស់ជនភៀសខ្លួនខ្មែរក្នុងឆ្នាំ១៩៧៩។
ផលិតកររូបនេះធ្លាប់បានអំពាវនាវឱ្យមហាជនជួយគាំទ្រទស្សនាឱ្យបានផុសផុល ដើម្បីបង្កើតចំនួនកំណត់ (Metrics/Views) តាមលក្ខខណ្ឌរបស់ក្រុមហ៊ុន Netflix ក្នុងការនាំយករឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរនេះឱ្យក្លាយជា មាតិកាកម្រិតពិភពលោក (Worldwide Content)។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់បានបញ្ជាក់ច្បាស់ៗពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបកស្រាយ និងបង្ហាញឯកសារស្រាវជ្រាវ ដោយអះអាងថាការផលិតរឿងនេះគឺដើម្បីបង្ហាញការពិតប្រវត្តិសាស្ត្រ និងគ្មានចេតនាញុះញង់អ្វីឡើយ។
បច្ចុប្បន្ន មហាជន និងអ្នកតាមដានវិស័យភាពយន្តកម្ពុជា កំពុងតែបង្ហាញការព្រួយបារម្ភ និងបានផ្ញើសារសម្តែងការគាំទ្រព្រមទាំងផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់លោក លៀក លីដា និងក្រុមការងារ LD Entertainment ឱ្យរក្សាភាពរឹងមាំ ដើម្បីទន្ទឹងរង់ចាំថ្ងៃចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



