National
• 6 days ago• Lim_Rothanaksambath
ជនជាតិថៃ ៨នាក់ ត្រូវបណ្តេញចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង

ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានសម្រេចបណ្ដេញជនជាតិថៃសរុបចំនួន ៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បន្ទាប់ពីរកឃើញថា ជនជាតិថៃបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការលួចស្នាក់នៅ ធ្វើការងារ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។
យោងតាមការបញ្ជាក់ផ្លូវការលើទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់វិធានការបណ្ដេញជនជាតិថៃទាំង ៨នាក់ (ស្រី ១នាក់) ចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ប្រគល់ជូនអាជ្ញាធរភាគីថៃវិញតាមផ្លូវច្បាប់។
ប្រតិបត្តិការបណ្ដេញជនបរទេសខុសច្បាប់នាពេលនេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា និងវិធានការច្បាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកសម្តេចធិបតីតែងតែបញ្ជាក់ជំហរច្បាស់ៗថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDIសម្តេចធិបតីបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា កម្លាំងសមត្ថកិច្ចកម្ពុជា កំពុងខិតខំប្រឹងប្រែងប្រកែកមិនថយក្រោយក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



