National
• 6 days ago• Lim_Rothanaksambath
កម្ពុជា ជំរុញ «មេគង្គ-ឡានឆាង ២.០» ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១១ អមដោយជំនួបទ្វេភាគីជាមួយចិន និងវៀតណាម

ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង (LMC) លើកទី១១ ព្រមទាំងជួបពិភាក្សាទ្វេភាគីសំខាន់ៗជាមួយប្រមុខការទូតចិន និងវៀតណាម នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មី សម្រាប់មេគង្គ-ឡានឆាង ២.០» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
ឈានចូលដំណាក់កាលថ្មីនេះ កម្ពុជាបានដាក់ចេញនូវអាទិភាពគន្លឹះសំខាន់ៗ ដូចជា ការថែរក្សាសន្តិភាព ការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីធានាបាននូវអត្ថប្រយោជន៍ជាក់ស្តែង និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមផែនការសកម្មភាព ៥ឆ្នាំ (២០២៣-២០២៧) ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ ហ័យ ជុង រដ្ឋមន្ត្រីការបរទេសវៀតណាម ដោយបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗនេះរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង មកកាន់កម្ពុជា ដែលឆ្លុះបញ្ចាំងពីស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationភាគីទាំងពីរក៏បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នាចុងខែវិច្ឆិកានេះ នៅទីក្រុងហាណូយ ព្រមទាំងបានជម្រាបជូនភាគីវៀតណាមអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដោយបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងអំឡុងពេលយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។
ប្រមុខការទូតទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ខណៈឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានគាំទ្រការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ពីជំហរច្បាស់ៗថា សន្តិភាពប្រកបដោយចីរភាពត្រូវផ្អែកលើច្បាប់អន្តរជាតិ ហើយព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



