National

• 6 days ago• Lim_Rothanaksambath

ពូជស្រូវ និងកញ្ចប់ស្បៀង ត្រូវបានចែកជូនដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១១.០០០ គ្រួសារ នៅខេត្តពោធិ៍សាត់

ពូជស្រូវ និងកញ្ចប់ស្បៀង ត្រូវបានចែកជូនដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១១.០០០ គ្រួសារ នៅខេត្តពោធិ៍សាត់
ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងអាហារជូនប្រជាពលរដ្ឋចំនួន ១១.០០០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

ផ្អែកតាមរបាយការណ៍បូកសរុប ឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់នាពេលថ្មីៗនេះ បានបង្កឱ្យមានគ្រោះទឹកជំនន់នៅក្នុងក្រុង-ស្រុកចំនួន ៦, ឃុំ-សង្កាត់ចំនួន ២៦, ស្មើនឹង ១៦១ ភូមិ ក្នុងខេត្តពោធិ៍សាត់។ គ្រោះធម្មជាតិនេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣.៨៤២ គ្រួសារ, ផ្ទះសម្បែងចំនួន ២.៥០៤ ខ្នង, ដំណាំស្រូវចំនួន ៥.៦៦៤ ហិកតា, ដំណាំឧស្សាហកម្មចំនួន ៣៦៣ ហិកតា, ផ្លូវប្រវែង ៥៣.៧៧០ ម៉ែត្រ, លូ ១២ កន្លែង, សាលារៀន ៥ កន្លែង, ស្ពាន ៣ កន្លែង, អណ្ដូងទឹក ២៥ អណ្ដូង និងទ្វារទឹក ២ កន្លែង។

ចំពោះមុខស្ថានការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត ការពារសុវត្ថិភាព និងផ្តល់ជំនួយសង្គ្រោះចាំបាច់ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ ដើម្បីសម្រាលបន្ទុក និងជួយស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងផលដំណាំឡើងវិញឱ្យបានឆាប់រហ័ស។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ក្នុងនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែចាត់ទុកការផ្សារភ្ជាប់សុខទុក្ខ និងការរស់នៅជាមួយប្រជាពលរដ្ឋជាគោលនយោបាយស្នូល ទាំងក្នុងកាលៈទេសៈប្រទេសជាតិរីកចម្រើន និងពេលជួបប្រទះការលំបាក។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងមិនដែលបោះបង់ ឬរត់ចោលប្រជាពលរដ្ឋនោះឡើយ នៅពេលដែលប្រជាពលរដ្ឋជួបប្រទះការលំបាក ឬគ្រោះអាសន្នផ្សេងៗ។ រាជរដ្ឋាភិបាល នៅជាមួយប្រជាពលរដ្ឋជានិច្ច គឺនៅចាំជួយប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ សម្តេចធិបតី ក៏បានប្រៀបធៀបទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងប្រជាជនទៅនឹង «ប្តីប្រពន្ធ» ដែលបង្ហាញពីភាពស្មោះត្រង់ ស្ថិរភាពសង្គម និងការជួយជ្រោមជ្រែងគ្នានៅគ្រប់កាលៈទេសៈ មិនថាក្នុងស្ថានភាពកម្តៅខ្លាំង ភាពរងា កង្វះខាតទឹក ឬគ្រោះទឹកជំនន់ឡើយ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចុះអន្តរាគមន៍យ៉ាងសកម្ម ក្នុងការជួយសង្គ្រោះ ផ្តល់ស្បៀងអាហារ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3