National
• 6 days ago• Lim_Rothanaksambath
អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ទី២ ដែលបង្ហាញខ្លួនលើទឹកដីព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងជុំវិញពិភពលោក ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ការទូតជាប្រវត្តិសាស្ត្រលើកដំបូងបំផុតសម្រាប់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា គិតមកទល់ពេលនេះ មានប្រទេសលើសពី ៧០ ហើយដែលបានចុះឈ្មោះចូលរួម ខណៈប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង ២០ ប្រទេស បានប្រកាសអញ្ជើញមកចូលរួមដោយផ្ទាល់។
បន្ថែមពីលើនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងអញ្ជើញមកកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រៅការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រធានាធិបតីបារាំង ក៏មានកម្មវិធីសម្ពោធសមិទ្ធផលនៅខេត្តសៀមរាបជាមួយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាផងដែរ។ នេះគឺជាមហាកិត្តិយសធំរបស់កម្ពុជាដែលប្រជាជនខ្មែរគួរមានមោទនភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមអំពីកាលវិភាគនៃការអញ្ជើញមកដល់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋបារាំងផងដែរ ដោយអគ្គទេសាភិបាលបារាំង នឹងអញ្ជើញមកដល់ដើម្បីចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ចំណែក លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏ធំសម្បើមនេះ គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាតិកម្ពុជា ដែលប្រជាជនខ្មែរគ្រប់រូបគួរតែមានមោទនភាព និងរួមគ្នាបង្ហាញពីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនដល់ប្រតិភូអន្តរជាតិទាំងអស់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

