National
• 5 days ago• Lim_Rothanaksambath
អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍ រួមគ្នាអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ជំរុញសន្តិសុខស្បៀងឆ្ពោះទៅឆ្នាំ២០៣០

ភ្នំពេញ, ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នអប់រំ បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣» ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុបប្រមាណ ៦០០នាក់ ។
ទិវាជាតិអាហារូបត្ថម្ភ ដែលត្រូវបានកំណត់ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ប្រសិទ្ធភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។
សម្រាប់ទិសដៅរួម ប្រធានបទឆ្នាំនេះគឺដើម្បីជំរុញលើកទឹកចិត្តដល់គ្រប់តួអង្គពាក់ព័ន្ធ បង្កើនកិច្ចអន្តរាគមន៍ធានាថា នៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាព និងការការពារពីគ្រប់ទម្រង់នៃបញ្ហាអាហារូបត្ថម្ភ តាមរយៈការលើកកម្ពស់ប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល គាំពារសង្គម ទឹកស្អាត អនាម័យ និងការផ្លាស់ប្តូរឥរិយាបថសង្គម។ ការវិនិយោគលើវិស័យនេះ គឺជាមូលដ្ឋានគ្រឹះជួយពង្រឹងការសិក្សា ផលិតភាពការងារ កាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។
ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ជំរុញយុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ តាមរយៈការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ពង្រឹងសមត្ថភាពបច្ចេកទេស និងរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារពាក់ព័ន្ធ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការធ្វើទំនើបកម្មវិស័យកសិកម្ម ឱ្យកាន់តែសម្បូរបែប និងមានភាពធន់ ដើម្បីធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែម និងលើកកម្ពស់ជីវភាពប្រជាជននៅជនបទ។
ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចពីសារៈសំខាន់នៃអាហារូបត្ថម្ភចំពោះសុខភាព ការលូតលាស់ និងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងជំរុញការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការទទួលទានអាហារប្រកបដោយអនាម័យ សុវត្ថិភាព និងជីវជាតិគ្រប់គ្រាន់។ ក្នុងនោះ វិស័យកសិកម្ម មានតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង តាមរយៈការជំរុញផលិតកម្មកសិកម្មចម្រុះ និងការផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។
បន្ថែមពីលើនោះ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការលុបបំបាត់រកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ដូចជា កង្វះអាហារូបត្ថម្ភ កង្វះសារជាតិចិញ្ចឹម (វីតាមីន/ជាតិរ៉ែ) និងលើសអាហារូបត្ថម្ភ។

ទន្ទឹមនឹងការប្រារព្ធទិវាជាតិនេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភមាតា និងកុមារ តាមរយៈជំនួបការងារ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាង លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោកស្រីបណ្ឌិត Ana Cespedes នាយកប្រតិបត្តិ (CEO) នៃអង្គការ Vitamin Angels។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣០ ដោយអង្គការ Vitamin Angels បានប្រគល់អំណោយគ្រាប់ជីវជាតិចម្រុះ (MMS) ចំនួន ១០០ ០០០ ដប ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រដំណាក់កាលដំបូងនៃការផ្លាស់ប្តូរពីការប្រើប្រាស់ថ្នាំជាតិដែក/អាស៊ីតហ្វូលីក (IFA) មកប្រើប្រាស់គ្រាប់ MMS សម្រាប់ស្ត្រីមានផ្ទៃពោះក្នុងខេត្តគោលដៅចំនួន ១០ ព្រមទាំងការគាំទ្រកម្មវិធីវីតាមីន A និងការទម្លាក់ព្រូន (VAS+D)។



