National
• 5 days ago• Lim_Rothanaksambath
ស្ថាប័នអប់រំការពារជាតិអាស៊ាន ជួបជុំគ្នានៅកម្ពុជា លើកកម្ពស់វិជ្ជាជីវៈយោធា និងការកសាងទំនុកចិត្ត

ភ្នំពេញ, ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ ដោយមាននាយកដ្ឋានកិច្ចការអាស៊ានជាសេនាធិការសហការជាមួយសាកលវិទ្យាល័យការពារជាតិ បានរៀបចំ «កិច្ចប្រជុំលើកទី១ នៃកិច្ចសហការរវាងស្ថាប័នអប់រំការពារជាតិអាស៊ាន» (ASEAN Defence Educational Institutions' Collaboration - ADEIC) ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នាសណ្ឋាគារព្រីនស៍អង្គរ ខេត្តសៀមរាប។
កិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ មានការចូលរួមពីតំណាងសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានអប់រំការពារជាតិ និងស្ថាប័នពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងតំណាងលេខាធិការដ្ឋានអាស៊ានផងដែរ។
ពិធីបើកកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្រ្តីការពារជាតិអាស៊ាន (ADSOM) កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
ថ្លែងក្នុងពិធីបើក ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហការរវាងវិទ្យាស្ថានអប់រំការពារជាតិអាស៊ាន ដោយប្រែក្លាយពីក្របខ័ណ្ឌឯកសារ ឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយអត្ថន័យ និងចីរភាព រវាងគ្រឹះស្ថានអប់រំវិស័យការពារជាតិនៃប្រទេសសមាជិកអាស៊ាន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Department of Military Information/នាយកដ្ឋាន ព័ត៌មាន និង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ«ការអនុម័តឯកសារទស្សនាទាន ADEIC ក្នុងឆ្នាំ២០២២ និងវិធាននីតិវិធីក្នុងឆ្នាំ២០២៥ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រែក្លាយការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ទៅជាសកម្មភាព សហប្រតិបត្តិការជាក់ស្តែង ដើម្បីពង្រឹងការអប់រំវិជ្ជាជីវៈយោធា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងការកសាងទំនុកចិត្តរវាងប្រទេសសមាជិកអាស៊ាន។ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិវឌ្ឍ ADEIC ឱ្យក្លាយជាវេទិការសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព ដែលរួមចំណែកដល់ការពង្រឹងសមត្ថភាពវិជ្ជាជីវៈយោធា ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន ឯកភាពអាស៊ាន ព្រមទាំងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ នេះជាប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក្នុងកិច្ចប្រជុំលើកទី១ នៃកិច្ចសហការរវាងស្ថាប័នអប់រំការពារជាតិអាស៊ាន។
សូមជម្រាបថា គំនិតផ្តួចផ្តើម ADEIC គឺជាគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) លើកទី១៦ កាលពីឆ្នាំ២០២២ ក្នុងគោលបំណងបង្កើតទំនាក់ទំនងកាន់តែរឹងមាំក្នុងចំណោមស្ថាប័នអប់រំការពារជាតិអាស៊ាន ដើម្បីពង្រឹងសមត្ថភាព និងភាពធន់ក្នុងតំបន់។ កិច្ចប្រជុំលើកទី១ នាពេលនេះ គឺជាជំហានជោគជ័យថ្មីមួយទៀត បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសហការរៀបចំសិក្ខាសាលាចំនួន ៣ លើកកន្លងមក ដើមី្បរៀបចំគ្រឹះអនុវត្តគំនិតផ្តួចផ្តើមនេះ។
ឯកឧត្តម ណឹម សុវត្ថិ បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងអភិវឌ្ឍ ADEIC ឱ្យក្លាយជាវេទិកាសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព ដែលរួមចំណែកដល់ការពង្រឹងសមត្ថភាពវិជ្ជាជីវៈយោធា ឯកភាពអាស៊ាន ព្រមទាំងការលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



