National

• 5 days ago• Lim_Rothanaksambath

តើយុវជនដែលចូលបំពេញកាតព្វកិច្ចយោធា អាចទំនាក់ទំនងមកគ្រួសារ និងសុំច្បាប់ទៅលេងផ្ទះបានដែរឬទេ?

តើយុវជនដែលចូលបំពេញកាតព្វកិច្ចយោធា អាចទំនាក់ទំនងមកគ្រួសារ និងសុំច្បាប់ទៅលេងផ្ទះបានដែរឬទេ?


ភ្នំពេញ, ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការអនុវត្តច្បាប់កាតព្វកិច្ចយោធា ទំព័រហ្វេសប៊ុកផ្លូវការ កាតព្វកិច្ចយោធា-ក.ក.យ បានចែកចាយនូវដំណឹង និងវីដេអូណែនាំផ្សេងៗ ដើម្បីជាចំណេះដឹង និងជាការផ្សព្វផ្សាយដំណឹងជូនទៅសាធារណជន។

ជាក់ស្តែង ថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការ កាតព្វកិច្ចយោធា-ក.ក.យ បានបង្ហោះវីដេអូឃ្លីបសម្ភាសន៍ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា គឺជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបនឹងសំណួរថា «តើការហ្វឹកហ្វឺន កន្លែងស្នាក់នៅ អាហារ សម្លៀកបំពាក់ និងប្រាក់ឧបត្ថម្ភត្រូវបានរៀបចំយ៉ាងដូចម្តេច? តើប្អូនៗអាចទំនាក់ទំនងមកគ្រួសារ និងសុំច្បាប់ទៅលេងផ្ទះបានដែរឬទេ?»


យោងតាមការពន្យល់បំភ្លឺពី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ដោយយោងតាមច្បាប់ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ត្រង់ជំពូកទី៥ មាត្រា១៦ ថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំគោលនយោបាយឧបត្ថម្ភយ៉ាងសមស្របជូនដល់យោធិនដែលកំពុងបំពេញកាតព្វកិច្ច ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ៤០ម៉ឺនរៀល (សែសិបម៉ឺនរៀល) របបឧបត្ថម្ភផ្សេងៗដូចយោធិនអាជីព រួមមាន ប្រាក់ម្ហូបប្រចាំថ្ងៃ, ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហឺន, ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន, របបអង្ករប្រចាំថ្ងៃ, ឯកសណ្ឋាន និងបរិក្ខារប្រចាំថ្ងៃ។

ទាក់ទងនឹងដំណើរការហ្វឹកហ្វឺនផ្ទាល់ ឧត្តមសេនីយ៍ត្រី បានអធិប្បាយថា ដោយសារការបំពេញកាតព្វកិច្ចយោធា គឺជាការហ្វឹកហ្វឺនក្នុងជួរកងទ័ព ទើបតម្រូវឱ្យមានកាលវិភាគ និងបទបញ្ជាផ្ទៃក្នុងដ៏តឹងរ៉ឹង និងម៉ឺងម៉ាត់ ដើម្បីបំប្លែងពលរដ្ឋស៊ីវិលឱ្យក្លាយជាយោធិនដែលមានវិន័យ និងសមត្ថភាពការពារជាតិ ដោយបែងចែកជាពីរផ្នែកធំគឺ ទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីលាន ហ្វឹកហាត់សរុបប្រហែល ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។

ចំពោះដំណាក់កាលដំបូង គឺមាន រយៈពេល ៣ ខែដំបូង ជាដំណាក់កាលបិទបន្ទាយហ្វឹកហាត់ ដែលមានវិន័យតឹងរ៉ឹងខ្លាំង និងមិនទាន់អនុញ្ញាតឱ្យសុំច្បាប់ទៅលេងផ្ទះបាននៅឡើយទេ រហូតទាល់តែបញ្ចប់ការហ្វឹកហាត់រយៈពេល ៣ ខែទើបអនុញ្ញាតឱ្យទៅលេងគ្រួសារបាន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កាតព្វកិច្ចយោធា-ក.ក.យប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កាតព្វកិច្ចយោធា-ក.ក.យ
ទន្ទឹមនឹងនេះ ក្រុមការងារផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល នឹងចុះយកព័ត៌មាន និងថតរូបភាពសកម្មភាពពីតាមបណ្តាសាលាហ្វឹកហ្វឺន ដើម្បីធ្វើបច្ចុប្បន្នភាពជូនប្រជាពលរដ្ឋបានឃើញជាប្រចាំ។

បច្ចុប្បន្ននេះ បេក្ខជនយោធិនកាតព្វកិច្ចបានធ្វើដំណើរមកដល់សាលាហ្វឹកហ្វឺនកងទ័ពជាបន្តបន្ទាប់ហើយ ដើម្បីរង់ចាំការពិនិត្យសុខភាព និងកាយសម្បទាពីសំណាក់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។

គួររំលឹកផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានប្រកាសកំណត់យក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាថ្ងៃចាប់ផ្តើមអនុវត្តនូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចយោធាជាផ្លូវការ ក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3