Real Estate
• 3 days ago• KDN News Team
ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦៖ រាត្រីនៃការសាទរឧត្តមភាព និងសមិទ្ធផលដ៏ត្រចះត្រចង់នៃស្ថាបត្យករនគរូបនីយកម្មកម្ពុជា

ភ្នំពេញ – ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ – ក្នុងរាត្រីថ្ងៃទី៥ ខែវិច្ឆិកា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) កំពូលថ្នាក់ដឹកនាំ ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យ បានអញ្ជើញចូលរួមយ៉ាងអធិកអធម ក្នុងមហាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦ (Cambodia Real Estate Awards 2026)។ ព្រឹត្តិការណ៍ដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដោយក្រុមហ៊ុន Realestate.com.kh ដែលជាយន្តការមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards) ដ៏មានកិត្យានុភាព។
មហាព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកតម្កើង និងចារឹកទុកនូវស្នាដៃឯកនៃក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការកែប្រែទំព័រមុខមាត់ថ្មីនៃវិស័យលំនៅឋាន អចលនទ្រព្យពាណិជ្ជកម្ម និងគម្រោងចម្រុះប្រកបដោយនវានុវត្តន៍នៅកម្ពុជា។ ចាប់ពីសហគមន៍លំនៅឋានប្រណីតលំដាប់អភិជន រហូតដល់គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ទំនើប រាត្រីសមោសរនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមហិច្ឆតា ភាពចម្រុះ និងការបោះជំហានទៅមុខដោយឥតឈប់ឈរនៃវិស័យអចលនទ្រព្យនៃជាតិសាសន៍យើង។
នាយកប្រចាំតំបន់ផ្នែកពានរង្វាន់ និងព្រឹត្តិការណ៍នៃ SEA Connect Group លោក Adam Sutcliffe បានមានប្រសាសន៍ថា៖ “វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងបន្តសាយភាយនូវមហិច្ឆតាដ៏មហស្ចារ្យ តាមរយៈស្នាដៃរបស់អ្នកអភិវឌ្ឍន៍ក្នុងការស្ថាបនាគម្រោង និងសហគមន៍ដែលជាសសរទ្រូងនៃអនាគតជាតិ។ គុណតម្លៃដ៏វិសេសវិសាលនៃពានរង្វាន់ទាំងនេះ មិនត្រឹមតែជាការផ្តល់កិត្តិយសដល់សមិទ្ធផលបុគ្គលប៉ុណ្ណោះទេ តែជាវេទិកាដ៏ស័ក្តិសិទ្ធិមួយក្នុងការរំលេចនូវគុណភាព នវានុវត្តន៍ និងចក្ខុវិស័យដ៏វែងឆ្ងាយនៃវិស័យអចលនទ្រព្យកម្ពុជា ឆ្ពោះទៅកាន់ឆាកអន្តរជាតិក្នុងតំបន់។
”លោកបានសង្កត់ធ្ងន់បន្ថែមថា៖ “ក្នុងនាមជាអ្នកតំណាងនៃពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ ខ្ញុំពិតជាមានមោទនភាពក្រៃលែងក្នុងការសាទរម្ចាស់គម្រោងទាំងឡាយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងភាពរុងរឿងរបស់ប្រទេសជាតិមាតុភូមិ។”
ក្រុមហ៊ុន OCIC Group គ្រងមកុដកិត្តិយសកំពូលជា «អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ»
កំពូលរង្វាន់កិត្តិយសប្រចាំរាត្រីគឺពានរង្វាន់ “អ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ” (Developer of the Year) ត្រូវបានប្រគល់ជូនក្រុមហ៊ុន OCIC Group ដែលជាសក្ខីភាពបញ្ជាក់ពីការរួមចំណែកដ៏មហាសាល និងឥទ្ធិពលដ៏ជ្រាលជ្រៅក្នុងការកែប្រែទិដ្ឋភាពអចលនទ្រព្យកម្ពុជា ព្រមជាមួយផលប័ត្រគម្រោងដ៏សម្បូរបែបរបស់ខ្លួន។
ក្រុមហ៊ុន OCIC Group បានសាងភាពលេចធ្លោឥតគូប្រៀប ដោយទទួលបានពានរង្វាន់បន្ថែមសម្រាប់គម្រោងធំៗចំនួន ៦ ផ្សេងទៀតរួមមាន៖
TIA City គ្រងពានរង្វាន់ “តំបន់ទីប្រជុំជនថ្មីប្រចាំឆ្នាំ” New District of the Year។
• Chroy Changvar Bay ទទួលបានពានរង្វាន់ “តំបន់អភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំឆ្នាំ។
• នរា (Norea) ទទួលបានការកោតសរសើរជា “គម្រោងអភិវឌ្ឍន៍ទីក្រុងរណបឆ្នើមប្រចាំឆ្នាំ ។
• កោះពេជ្រ (Koh Pich) គ្រងពានរង្វាន់ “សហគមន៍ និងទីតាំងរៀបចំព្រឹត្តិការណ៍ឆ្នើមប្រចាំឆ្នាំ។
• Diamond Bay Garden ឈ្នះពានរង្វាន់ “គម្រោងអភិវឌ្ឍន៍មាត់ទឹកឆ្នើមប្រចាំឆ្នាំ។
• B&V Mansion ទទួលបានពានរង្វាន់ “គម្រោងលំនៅឋានឆ្លាតវៃប្រចាំឆ្នាំ។
ជ័យលាភីទាំង ៧ នេះ បានគូសបញ្ជាក់កាន់តែច្បាស់ពីតួនាទីជាប្រវត្តិសាស្ត្ររបស់ OCIC Group ក្នុងការស្ថាបនាទីក្រុង និងសហគមន៍ដ៏លេចធ្លោបំផុតនៅកម្ពុជា។
ការតម្កល់ឧត្តមភាពនៃទីផ្សារអចលនទ្រព្យជាតិ
ពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០២៦ ក៏បានបំពាក់កិត្តិយសដល់គម្រោងឆ្នើមៗជាច្រើនទៀត ដែលសរបញ្ជាក់ពីភាពសម្បូរបែបនៃវិស័យនេះ៖
• ក្រុមហ៊ុន Megakim World Corp Co., Ltd. ម្ចាស់គម្រោងស៊េរី Time Square ទទួលបានមហាកិត្តិយស ៣ ផ្នែករួមមាន៖ អ្នកអភិវឌ្ឍន៍ខុនដូឆ្នើមប្រចាំឆ្នាំ, អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំឆ្នាំក្រុងព្រះសីហនុ (ខុនដូ) និងអ្នកអភិវឌ្ឍន៍ឆ្នើមបំផុតផ្នែកគុណភាព និងសេវាកម្ម។
• គម្រោង Mean Chey Residences (អភិវឌ្ឍដោយក្រុមហ៊ុន Rosemarvel Property Development) ទទួលបានពានរង្វាន់ចំនួន ៤ គឺ៖ ការរចនាស្ថាបត្យកម្មវីឡាឆ្នើមបំផុត, គម្រោងអភិវឌ្ឍន៍ដ៏មានកិត្យានុភាពប្រចាំឆ្នាំ, គម្រោងបុរីឆ្នើមប្រចាំឆ្នាំ (លំនៅឋានជាប់ដីលំដាប់ខ្ពស់) និងគម្រោងឆ្នើមប្រចាំឆ្នាំ (ផ្លូវ ៦០ម៉ែត្រ)។
• គម្រោង Kingston Royale ទទួលបានពានរង្វាន់ គម្រោងខុនដូក្នុងស្រុកឆ្នើមប្រចាំឆ្នាំ និងគម្រោងវិនិយោគតម្លៃសមរម្យឆ្នើមប្រចាំឆ្នាំ។
• បុរី ប៊ុនលី (Borey Bunly The Project AEK) (អភិវឌ្ឍដោយក្រុមហ៊ុន Bunly (BL) Development) គ្រងពានរង្វាន់ ៣ គឺ៖ នវានុវត្តន៍ការរចនាលំនៅឋានឆ្នើមបំផុត, សហគមន៍រស់នៅស៊ីវិល័យឆ្នើមបំផុត និងឧត្តមភាពនៃការរស់នៅលំដាប់ខ្ពស់។
• បុរី អាម៉ូរី ៧មករា (Borey Amory 7 Makara) (អភិវឌ្ឍដោយក្រុមហ៊ុន Amory Development) លេចធ្លោយ៉ាងខ្លាំងដោយឈ្នះពានរង្វាន់ចំនួន ៥ រួមមាន៖ គម្រោងអភិវឌ្ឍន៍ឆ្នើមបំផុតភាគខាងកើតរាជធានីភ្នំពេញ , គម្រោងលំនៅដ្ឋានរស់នៅបែបធម្មជាតិល្អបំផុត , គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបអភិជនល្អបំផុត, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាប់មាត់ទឹកល្អបំផុត និងគម្រោងអភិវឌ្ឍន៍បង្កើតសក្តានុពលប្រចាំតំបន់ ។ លើសពីនេះ គម្រោង Borey Amory Sensok ក៏ឈ្នះពានរង្វាន់ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុតនៃតំបន់ភ្នំពេញថ្មី។
ការលើកស្ទួយគោលដៅអចលនទ្រព្យប្រកបដោយសក្តានុពល
ក្រៅពីរាជធានីភ្នំពេញ កម្មវិធីនេះបានផ្តល់ការកោតសរសើរដល់គម្រោងនៅតាមបណ្តាខេត្តនានា៖
• ក្រុងព្រះសីហនុ៖ គម្រោង Borey Lorn City (អភិវឌ្ឍដោយ 5LH Lorn City Development) ទទួលបានពានរង្វាន់ ៣ គឺ៖ គម្រោងផ្ទះល្វែងឆ្នើមបំផុតនៅក្រុងព្រះសីហនុ, អ្នកអភិវឌ្ឍន៍ឆ្នើមបំផុតក្រុងព្រះសីហនុ (លំនៅឋានជាប់ដី) និងគម្រោងវីឡាឆ្នើមបំផុតក្រុងព្រះសីហនុ។
• ខេត្តសៀមរាប៖ ក្រុមហ៊ុន Amazing Grace Wellness Residence ត្រូវបានប្រសិទ្ធនាមជា អ្នកអភិវឌ្ឍន៍ឆ្នើមបំផុតនៅសៀមរាប ស្របពេលដែលគម្រោង Angkor Grace Phase 2 ឈ្នះពានរង្វាន់ គម្រោងសុខុមាលភាព និងសុខភាពឆ្នើមប្រចាំឆ្នាំ។
• ខេត្តកំពត៖ គម្រោង Amaya Kampot Holiday Villas ឈ្នះពានរង្វាន់ វីឡាលំហែកាយឆ្នើមបំផុត និងការរចនាស្ថាបត្យកម្មឆ្នើមបំផុត។
• ជ័យលាភីលេចធ្លោដទៃទៀត៖ ក្រុមហ៊ុន R&F Properties HS (Cambodia) ឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍ទីក្រុងរណបអគារខ្ពស់ឆ្នើមបំផុត
ខណៈគម្រោង R&F City Miro ជាខុនដូទីប្រជុំជនឆ្នើមប្រចាំឆ្នាំ។ ក្រុមហ៊ុន IM Capital Holding ទទួលពានរង្វាន់ អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំតំបន់និរតី។ គម្រោង UC88 Wyndham Garden ជាខុនដូសណ្ឋាគារ (Condotel) ឆ្នើមប្រចាំឆ្នាំ រីឯ LZ Sea View Premium ជាអចលនទ្រព្យវិនិយោគដែលមានសក្តានុពលផលចំណេញខ្ពស់ឆ្នើមបំផុត។ ផ្សារទំនើប Mean Chey Avenue (អភិវឌ្ឍដោយ RM Commercial) ត្រូវបានកោតសរសើរជា ផ្សារសហគមន៍ឆ្នើមប្រចាំឆ្នាំ។
• ដោយឡែក ពានរង្វាន់ថ្មីស្រឡាង “ជម្រើសមហាជនប្រចាំឆ្នាំ” (People’s Choice of the Year) ត្រូវបានប្រគល់ជូនក្រុមហ៊ុន Morgan Group។
សេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះដៃគូសហការ
មហាព្រឹត្តិការណ៍នេះ មិនអាចលេចចេញជារូបរាងឡើងបានឡើយ ប្រសិនបើគ្មានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នស្នូលរួមមាន និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ( Real Estate and Pawnshop Regulator ) និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលតែងតែប្តេជ្ញាចិត្តលើកស្ទួយវិជ្ជាជីវៈនៃវិស័យអចលនទ្រព្យកម្ពុជា។ សេចក្តីថ្លែងអំណរគុណជាពិសេស ផ្ញើជូនចំពោះក្រុមហ៊ុន HGB Prime Cambodia ដែលជាអ្នកឧបត្ថម្ភធំប្រចាំកម្មវិធី (Main Sponsor) សម្រាប់ការជួយជ្រោមជ្រែងយ៉ាងសប្បុរស។
ដំណើរឆ្ពោះទៅកាន់មហាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ពានរង្វាន់អចលនទ្រព្យកម្ពុជា គឺជាចម្រៀកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ (Southeast Asia Real Estate Awards 2026) ដែលរៀបចំដោយ SEA Connect Group ម្ចាស់ម៉ាកយីហោល្បីៗ រួមមាន Dot Property, Lamudi និង Realestate.com.kh។ កម្មវិធីនេះបានផ្តល់នូវវេទិកាថ្នាក់តំបន់ ដើម្បីទទួលស្គាល់សមិទ្ធផលឆ្នើមៗក្នុងការអភិវឌ្ឍអចលនទ្រព្យ។ ឆ្នាំ២០២៦ នេះ ក៏ជាខួបគម្រប់ ១០ឆ្នាំ ដែលសបញ្ជាក់ពីទសវត្សរ៍នៃការលើកតម្កើងឧត្តមភាព និងនវានុវត្តន៍អចលនទ្រព្យទូទាំងតំបន់ផងដែរ។
បន្ទាប់ពីព្រឹត្តិការណ៍ថ្នាក់ជាតិ ក្រសែភ្នែករាប់ម៉ឺនគូនឹងសម្លឹងឆ្ពោះទៅកាន់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រប្រចាំតំបន់ (Southeast Asia Real Estate Awards 2026 Grand Final) ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦។ វេទិកាអន្តរជាតិនេះ នឹងប្រមូលផ្តុំកំពូលអ្នកអភិវឌ្ឍន៍ និងគម្រោងលេចធ្លោបំផុតពីគ្រប់ទិសទីក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាប្រារព្ធពិធីក្រោមទស្សនវិស័យ៖ «បង្ហាញពិភពលោកអំពីភាពរុងរឿងនៃអចលនទ្រព្យអាស៊ីអាគ្នេយ៍» (Showing the World the Best of Southeast Asia Real Estate)។


