National
• 1 day ago• Lim_Rothanaksambath
ពន្លាជាតិបារាំង បើកទ្វារស្វាគមន៍សាធារណជនក្នុងភូមិហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ខាងមុខនេះ

ភ្នំពេញ, ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦៖ នៅក្នុងឱកាសប្រវត្តិសាស្ត្រនៃការរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» (20th Francophonie Summit) នៅរាជធានីភ្នំពេញ «ពន្លាជាតិបារាំង» (French Pavilion) ក៏នឹងបង្ហាញវត្តមានក្នុង «ភូមិហ្វ្រង់កូហ្វូនី» (Francophonie Village) នាបរិវេណសួនវត្តបទុមវតី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីអបអរសាទរចំណងមិត្តភាព បង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងត្រៀមរៀបចំពិធីផ្ទេរតួនាទីជាប្រធានកិច្ចប្រជុំកំពូលនេះ ជូនដល់ព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិ ២ ឆ្នាំខាងមុខ។
យោងតាមសំណេរលើគេហទំព័រផ្លូវការរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា (Institut français du Cambodge - IFC) លោក អូលីវីយេ រីឆ (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសបារាំងមានសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំង ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ ជាទីដែលបារាំងនឹងប្រគល់តួនាទីជាប្រធានកិច្ចប្រជុំកំពូលដល់កម្ពុជាជាផ្លូវការ។ នេះបើយោងតាមការ
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការផ្ទេរតួនាទីនេះ គឺជាឱកាសដ៏វិសេសវិសាលក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះគុណតម្លៃស្នូល រួមមាន៖ ការប្រើប្រាស់ភាសាបារាំងដើម្បីចែករំលែក ការលើកស្ទួយភាពចម្រុះនៃវប្បធម៌ ការពង្រឹងវិស័យអប់រំសម្រាប់យុវជន ព្រមទាំងការកសាងសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចំណុចទាក់ទាញក្នុងពន្លាជាតិបារាំង គឺការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមរតកតន្ត្រីខ្មែរ។ មិនតែប៉ុណ្ណោះ ពន្លាជាតិបារាំង ក៏បានរៀបចំ «រ៉ឺម៉ក» តុបតែងពិសេសមួយ ដែលអនុញ្ញាតឱ្យទស្សនិកជនអាចធ្វើការសន្ទនា និងសួរសំណួរផ្ទាល់ជាមួយ រូបតំណាងនិម្មិត AI របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ដែលជាអ្នកចម្រៀងរឿងព្រេងនិទានរបស់កម្ពុជា បានពេញមួយរយៈពេល ៥ ថ្ងៃនៃការប្រារព្ធពិធី។
បន្ថែមពីនេះ នៅក្នុងពន្លាជាតិបារាំង ក៏មានការបែងចែកស្តង់ពិព័រណ៍អន្តរកម្ម និងឌីជីថលជា ៣ ប្រធានបទធំៗ រួមមាន៖ វប្បធម៌ និងការបង្កើតស្នាដៃសិល្បៈ, ភាសាបារាំង និងឱកាសសិក្សា/ផ្លាស់ប្តូរបទពិសោធន៍នៅបរទេស, វិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមការបញ្ជាក់ពីវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ក្រៅពីការតាំងពិព័រណ៍នៅក្នុងភូមិហ្វ្រង់កូហ្វូនី បារាំងក៏នឹងនាំមកនូវព្រឹត្តិការណ៍ឥតគិតថ្លៃប្រមាណ ២០ កម្មវិធីផ្សេងទៀត នៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដូចជា វិទ្យាស្ថានបារាំង សាលសន្និសីទចតុមុខ និងមហោស្រព The Last Stage Aquation។ កម្មវិធីទាំងនោះមានដូចជា ការប្រគំតន្ត្រី សិក្ខាសាលា សន្និសីទ ការប្រកួតខារ៉ាអូខេភាសាបារាំង ល្ខោន របាំ និងការបញ្ចាំងភាពយន្ត។

ក្នុងនោះដែរ សមិទ្ធិផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការក៏ត្រូវបានរំលេចឡើង តាមរយៈការដំឡើងកន្លែងផ្តល់ទឹកស្អាតសម្រាប់ពិសាដោយឥតគិតថ្លៃក្នុងបរិវេណវត្តបទុម ដែលជាកិច្ចសហការរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ព្រមទាំងការសម្ពោធស្នាដៃគំនូរជញ្ជាំងខ្នាតធំ (Mural) នៅវិទ្យាស្ថានបារាំងផងដែរ។
សូមជម្រាបថា រាល់កម្មវិធីទាំងអស់នៅក្នុងពន្លាជាតិបារាំង នឹងបើកជូនសាធារណជន និស្សិត និងភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាដោយសេរី និងឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



