National
• 15 hours ago• Lim_Rothanaksambath
កម្ពុជា ស្នើឱ្យតួកគីយ៉េពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធានៅភ្នំពេញ ក្នុងជំនួបការទូតយោធាជាមួយអនុព័ន្ធយោធាតួកគីយ៉េ

ភ្នំពេញ, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការយោធារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ បានឈានដល់ជំហានថ្មីមួយទៀត ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ឧស្សាហកម្មយោធា និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ខណៈកម្ពុជាស្នើឱ្យតួកគីយ៉េពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធាផ្ទាល់នៅរាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូល (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបការទូតយោធានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ និងបានរំលឹកពីទំនាក់ទំនងការទូតដ៏រឹងមាំរវាងកម្ពុជា និងតួកគីយ៉េ ដែលមានអាយុកាល ៦៧ ឆ្នាំមកហើយ។ ឯកឧត្តមអគ្គមេបញ្ជាការ បានរំលេចពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសតួកគីយ៉េ កាលពីខែតុលា ឆ្នាំ២០២៦ កន្លងទៅ ជាពិសេសការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងក្របខណ្ឌយោធា» ដែលជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រក្នុងការរុញច្រានកិច្ចសហប្រតិបត្តិការការពារជាតិរវាងកងទ័ពទាំងពីរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងជំនឿចិត្តថា កងយោធពលខេមរភូមិន្ទ និងកងទ័ពតួកគីយ៉េ នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ច/ព័ត៌មានយោធា, ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា (Cybercrime/Scam), កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយោធា មនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការហ្វឹកហ្វឺនលំហាត់រួមគ្នា។
ដើម្បីសម្រួលដល់ការទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមអគ្គមេបញ្ជាការបានស្នើឱ្យភាគីតួកគីយ៉េ ពិចារណាបង្កើត «ការិយាល័យអនុព័ន្ធយោធាតួកគីយ៉េ» ប្រចាំនៅរាជធានីភ្នំពេញ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Armyជាការឆ្លើយតប លោកវរសេនីយ៍ឯក Ozgur Bulent Us បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រ និងអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌយោធាឱ្យលេចចេញជាលទ្ធផល។ លោកបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលឧស្សាហកម្មយោធារបស់តួកគីយ៉េ ក្នុងការចូលរួមចំណែកបំពេញតម្រូវការរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងសន្យាថានឹងពាំនាំសំណើបង្កើតការិយាល័យអនុព័ន្ធយោធានៅភ្នំពេញ ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិតួកគីយ៉េពិនិត្យ និងពិចារណា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានជម្រាបជូនភាគីតួកគីយ៉េ អំពីស្ថានភាព និងបច្ចុប្បន្នភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ជាថ្មីនូវជំហររបស់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ក្នុងការដោះស្រាយបញ្ហាព្រំដែនសន្តិវិធីតាមផ្លូវការទូត ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងរក្សាជំហរដាច់ខាតថា «ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំងយោធាឡើយ»។
ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគីយ៉េ គឺជាជំហានយុទ្ធសាស្ត្រមួយរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្ម និងធ្វើពិពិធកម្ម (Diversification) សម្ភារបរិក្ខារការពារជាតិរបស់ខ្លួន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



